(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ទីរបញ្ចកោណបានចេញបញ្ជាឱ្យចល័តក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Gerald R Ford ទៅកាន់តំបន់អាមេរិកឡាទីន ជាមួយការអះអាងថា ដើម្បីទប់ទល់ប្រឆាំងសកម្មភាពរត់ពន្ធគ្រឿងញៀន ខណៈមេដឹកនាំវ៉េណេស៊ុយអេឡា ព្រមានអំពីការផ្ទុះឡើងនៃសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។

ចាប់តាំងពីដើមខែកញ្ញាមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកយុទ្ធនាការយោធាមួយ ដោយកំណត់គោលដៅលើទូក ដែលរងការចោទប្រកាន់ថា ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនគ្រឿងញៀន។ គិតមកទល់ពេលនេះ ទូកសរុបយ៉ាងហោច១០គ្រឿង ត្រូវបានយោធាអាមេរិកវាយប្រហារកម្ទេចចោល ហើយសម្លាប់មនុស្សមួយចំនួន។
យ៉ាងណាមិញ ការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក ក្រោមយុទ្ធនាការនោះ ដែលរួមមានការបញ្ជូនយន្តហោះចម្បាំង F-35 ១០គ្រឿង និងនាវាចម្បាំង៨គ្រឿង បានបង្កការភ័យខ្លាច នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាថា គោលដៅពិតប្រាកដរបស់ទីក្រុងវ៉ាស៉ីនតោន គឺទំនងជាដើម្បីផ្តួលរំលំប្រធានាធិបតី លោក Nicolas Maduro។ ហេតុដូច្នេះហើយ ការសម្រេចចិត្តបញ្ជូន ក្រុមនាវាផ្ទុកយន្តហោះចម្បាំងថែមទៀតបែបនេះ គឺច្បាស់ជានឹងបង្កើនក្តីបារម្ភនោះទៀតមិនខាន។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B យ៉ាងហោច១គ្រឿង បានហោះនៅលើសមុទ្រ Caribbean ក្បែរឆ្នេរប្រទេសវ៉េណេស៊ុយអេឡា ក្រោយការដំឡើងសាច់ដុំដោយយន្តហោះទម្លាក់គ្រាប់បែក B-52 ប៉ុន្មានគ្រឿង ដែលបានហោះក្រឡឹងក្បែរឆ្នេរវ៉េណេស៊ុយអេឡា កាលពីសប្តាហ៍មុន។ កាលពីថ្ងៃព្រហស្បតិ៍ លោក Maduro បានសុំអង្វរសហរដ្ឋអាមេរិកថា កុំឱ្យសង្រ្គាមផ្ទុះឡើង បន្ទាប់ពីបានអះអាងថា វ៉េណេស៊ុយអេឡា មានមីស៉ីលបាញ់យន្តហោះរបស់រុស្ស៉ី ៥០០០គ្រាប់ ដើម្បីទប់ទល់ជាមួយអាមេរិក៕
































