(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានបង្ហើបឱ្យដឹងថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនមានកាលវិភាគត្រូវជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងពេលស្ថិតនៅប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយឡើយ ក្រោយមានការសង្ស័យ អំពីលទ្ធភាពនៃជំនួបរវាងមេដឹកនាំទាំងពីរ អំឡុងទស្សនកិច្ចរបស់លោក ត្រាំ មកកាន់តំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។

មន្រ្តីខាងលើ បាននិយាយយ៉ាងដូច្នេះថា «ប្រាកដណាស់ លោកប្រធានាធិបតី (ត្រាំ) បានបង្ហាញឆន្ទៈជួបជាមួយលោក គីម ជុងអ៊ុន នាពេលអនាគត ប៉ុន្តែវាមិនស្ថិតក្នុងកាលវិភាគ សម្រា់បដំណើរបំពេញទស្សនកិច្ចនេះទេ»។ ការបង្ហើបបែបនេះ គឺបន្ទាប់ពីក្នុងថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បាននិយាយថា រូបលោកជឿជាក់ថា វាមានឱកាសច្រើនគួរសម ដែលលោក ត្រាំ នឹងជួបលោក គីម អំឡុងទស្សនកិច្ចនៅឧបទ្វីបកូរ៉េ នាសប្តាហ៍ក្រោយ។ លោក ត្រាំ នឹងទៅដល់កូរ៉េខាងត្បូង នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC)។
គួរបញ្ជាក់ថា លោក ត្រាំ និងលោក គីម ធ្លាប់ជួបមុខគ្នាសរុប៣លើក កាលពីអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ គឺចន្លោះឆ្នាំ២០១៧-២០២១ ដោយជំនួបលើកចុងក្រោយរបស់មេដឹកនាំទាំងពីរ គឺត្រូវបានធ្វើឡើងនៅតំបន់ព្រំដែនអន្តរកូរ៉េ DMZ កាលពីឆ្នាំ២០១៩៕
































