(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែតុលានេះថា អ៊ុយក្រែន នឹងកំណត់ចំនួនអាវុធសម្រាប់ការនាំចេញចាប់ពីខែវិច្ឆិកាតទៅ សម្រាប់ការនាំចេញរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អំឡុងពេលប្រជុំជាមួយក្រុមមន្រ្តីរដ្ឋាភិបាល លោក ហ្សេលេនស្គី ក៏បានបញ្ជាឱ្យបន្តបង្កើនការផលិតយន្តហោះដ្រូន និងចង់ឱ្យមានការធានាថាអាវុធ ក៏ដូចជាគ្រាប់រំសេវផលិតក្នុងស្រុកអាចគ្របដណ្តប់បានប្រហែល ៥០ភាគរយ នៃតម្រូវការរបស់កងទ័ព។
មុនឆ្នាំ ២០២២ អ៊ុយក្រែនគឺជាប្រទេសនាំចេញអាវុធធំមួយរបស់ពិភពលោក ដោយទទួលមរតកឧស្សាហកម្មយោធា ពីអតីតសហភាពសូវៀត ប៉ុន្តែបានផ្អាកការនាំចេញ ក្រោយផ្ទុះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ កាលខែមិថុនា លោក ហ្សេលេនស្គី បានប្រកាសពីការចាប់ផ្តើមនាំចេញ និងបើកខ្សែច្រវាក់ផលិតកម្មអាវុធនៅក្នុងប្រទេសដៃគូ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បញ្ចេញសមត្ថភាពផលិតដ្រូនរបស់អ៊ុយក្រែន ឱ្យលើសពីតម្រូវការផ្នែកហិរញ្ញប្បទាន។
តាមរបាយការណ៍វិទ្យាស្ថានស្រាវជ្រាវខាងសន្តិសុខ Stockholm International Peace Research Institute (SIPRI) នាចុងខែតុលា ឆ្នាំ ២០២៥ អ៊ុយក្រែន គ្រោងនឹងបន្តការនាំចេញអាវុធផលិតក្នុងស្រុករបស់ខ្លួនឡើងវិញ ដើម្បីយកលុយមកជួយដល់ដំណើរការផលិត ដែលកំពុងមានតម្រូវការអំឡុងពេលនៃសង្រ្គាម៕































