(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យអ្នកផលិត និងអ្នកនាំចូលទំនិញទាំងអស់ ដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផល (ច.ប.ផ) ដោយផ្ទាល់នៅវិទ្យាស្ថានស្តង់ដារកម្ពុជា និងកាត់បន្ថយការប្រើសេវាអ្នករត់ការ ដែលអាចនាំឱ្យការចំណាយលើការចុះបញ្ជីផលិតផលកើនឡើងខ្ពស់ និងធ្វើឱ្យថ្លៃដើមផលិតផលកើនឡើង។

ការជំរុញនេះ ដោយលោកសង្កេតឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួន មិនបានទៅស្នើសុំចុះបញ្ជីផលិតផលដោយខ្លួនឯងនោះទេ ហើយអ្នកខ្លះបានគេចវេសមិនព្រមទៅចុះបញ្ជីផលិតផល ឬចុះតែមួយចំនួន ដោយពួកគេលើកឡើងថា តម្លៃថ្លៃ។ តម្លៃថ្លៃនេះ គឺសុទ្ធតែចេញពីមាត់អ្នករត់ការ ឬឈ្មួញជើងសារ ដែលគេបន្លំថា ចុះម្តងតម្លៃជាង១០០ដុល្លារ អ្នកខ្លះទៀតថា ២០០ដុល្លារ ហើយនៅតាមបណ្តាខេត្តខ្លះ រហូតដល់១ពាន់ដុល្លារ ដូច្នេះហើយបានជាសហគ្រាសមួយចំនួន គេចវេសមិនព្រមទៅចុះ ដែលធ្វើឱ្យអាជ្ញាធរចាត់វិធានការទៅលើផលិតផលរបស់ពួកគេ និងធ្វើឱ្យអ្នកប្រើប្រាស់មិនមានទំនុកចិត្ត។
លោកបញ្ជាក់ថា នេះគឺជាតម្លៃដែលប្រឌិតឡើងដោយអ្នករត់ការ ឬឈ្មួញជើងសារ ខណៈតម្លៃពិតប្រាកដត្រឹមតែ២០ម៉ឺនរៀល ឬ៥០ដុល្លារប៉ុន្តែ ហេតុដូច្នេះហើយ លោកជំរុញឱ្យ ម្ចាស់ផលិតផលទៅចុះបញ្ជីដោយខ្លួន ខណៈក្រសួងបានសម្រួលនិតីវិធីនៃការចុះបញ្ជី និងការដាក់ពាក្យស្នើសុំផងដែរ។

លោកបានលើកឡើងបន្ថែមថា «យើងខ្ញុំលើកទឹកចិត្តឱ្យអ្នកផលិត និងអ្នកនាំចូល ដាក់ពាក្យដោយផ្ទាល់មកវិទ្យាស្ថានស្តង់ដារកម្ពុជា និងកាត់បន្ថយការប្រើសេវាអ្នករត់ការ ដែលអាចនាំឱ្យការចំណាយលើការចុះបញ្ជីផលិតផល កើនឡើងខ្ពស់»។
ជាមួយគ្នានេះ លោកអំពាវនាវដល់អ្នកផលិត និងអ្នកនាំចូលទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវក្នុងប្រតិបត្តិការអាជីវកម្ម តាមរយៈការចុះបញ្ជីផលិតផល ដោយលើកឡើងថា គុណតម្លៃទាំងនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ជោគជ័យរយៈពេលវែងរបស់អាជីវកម្ម និងការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ថែមទាំងបានលើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន ដើម្បីជំរុញឱ្យអ្នកផលិត និងអ្នកនាំចូលប្រកាន់គោលការណ៍ដូចគ្នា តាមរយៈការទិញ និងប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ។

លោក ហែម វណ្ណឌី លើកឡើងបែបនេះធ្វើឡើង ក្នុងឱកាសបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដែលបានរៀចចំឡើង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។


































