ថ្ងៃបើកបវេសនកាល ជាថ្ងៃឱកាសល្អសម្រាប់សិក្សានុសិស្ស ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម

កោះកុង÷ មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង ព្រឹកថ្ងៃសៅរ៍ ១១កើត កក្តឹក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥- ២០២៦ នៅសាលាវិទ្យាល័យចំណេះទូទៅ ហ៊ុន សែន កោះកុង ក្រោមអធិបតីលោក ទៀ សុរៈឆៃ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដើម្បីឲ្យសិស្សទទួលបានការចូលរៀន ចាប់ពីមត្តីសិក្សា បឋមសិក្សា និងរហូតដល់មធ្យមសិក្សា ដើម្បីឲ្យកូនៗ និងក្មួយៗ និងសិក្សានុសិស្ស ក្រេបយកនៅចំណេះដឹង ក្នុងការជំរុញធនធានមនុស្ស។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង មានប្រសាសន៍ជំរុញដល់នាយកគ្រប់សាលា បន្តពិនិត្យតាមដាន និងធ្វើអធិការកិច្ចនៅតាមសាលារៀនគ្រប់ភូមិសិក្សា ដោយផ្ដោតទៅលើបច្ចេកទេសរៀន និងបង្រៀន ព្រមទាំងការគ្រប់គ្រងរដ្ឋបាលហិរញ្ញវត្ថុ។

លោកបន្ថែមថា នៅតាមសាលារៀនគឺសំខាន់ណាស់ បើមិនមានការត្រួតពិនិត្យគឺមិនហៅថា មានការគ្រប់គ្រងទេ ដូចនេះនាយកសាលាត្រូវធ្វើអធិការកិច្ចជាអត្រិន្ត្រៃយ៍។

ជាមួយគ្នានេះលោកប្រធានមន្ទីរបន្ថែមថា ខេត្តកោះកុងមានការស្ងប់ស្ញែង ដោយ មានការកោតសរសើរពីថ្នាក់ដឹកនាំ ក្នុងការខិតខំរបស់ក្មួយៗសិក្សានុសិស្ស ដែលកន្លងទៅជាប់នីតិ A កើនជាលំដាប់ កាលពីឆ្នាំទៅជាប់នីតិ A  ចំនួន ១៣ នាក់ ឆ្នាំនេះជាប់ ២២ នាក់ ដូចនេះសង្ឃឹមថា ការប្រឡងឆ្នាំក្រោយក្មួយៗនិងឈានទៅដណ្ដើមយកនីតិ A ឱ្យបានកើតឡើងគុណនិងពីរ។

ក្នុងពិធីបើកបវេសនកាលនេះ លោក ទៀ សុរៈឆៃ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអានសារលិខិតដ៏មានសារៈសំខាន់បំផុតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ធ្វើការសំណេះសំណាលនិងផ្ដាំផ្ញើ នាយកសាលា លោកគ្រូអ្នកគ្រូ សិក្សានុសិស្សទាំងអស់ និងខិតខំអនុវត្តខ្លឹមសា នៅសាលលិខិតនេះឲ្យបានល្អប្រសើរ៕ ដោយ សេន ពិសិដ្ឋ