
ព្រះសីហនុ៖ ក្លឹបហាត់ប្រាណប៊ី អឹម ជី Big Muscle Gym បានរៀបចំពិធីរត់ប្រណាំង “រត់សប្បាយ ដើម្បីសុខភាពល្អ” នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឆ្នេរអូរឈើទាល ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកសាមុត សុធារិទ្ធ អភិបាលរង និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ។
ពិធីនេះ ត្រូវបានរៀបចំឡើងដើម្បីប្រមូលមូលនិធិឧបត្ថម្ភដល់កុមារកំព្រា និងក្រុមគ្រួសារក្រោមការគាំពារនៃអង្គការម្លប់តាប៉ាង និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការរីករាយ និង សកម្មភាពកាយសម្ព័ន្ធ ដើម្បីសុខភាពល្អ។
ការប្រកួតដែលមានចំងាយ ៦គីឡូម៉ែត្រ បានទាក់ទាញកីឡាករក្នុង ស្រុក និង អន្តរជាតិជាច្រើនចូលរួមប្រកួតប្រជែងយ៉ាងក្តៅគគុកក្នុងអាកាសធាតុដ៏ល្អ និង ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់សដ៏ល្បីល្បាញ។

បន្ទាប់ពីការតស៊ូប្រកួតប្រជែង ដ៏គឃុបគឃូស លោកអ្នកអាចមើលឃើញម្ចាស់ជ័យលាភីទាំងបីត្រូវបានប្រកាសដូចខាងក្រោម៖
១· លេខ១៖ កីឡាករ លេខ០១៥ អ៊ូច ហ៊ត ដែលបានកាន់កាប់ពានរង្វាន់ជើងឯកដោយប្រើរយៈពេលត្រឹមតែ ២២នាទី និង ៤០វិនាទីប៉ុណ្ណោះ។
· លេខ២៖ កីឡាករ លេខ៩៩៥ អ៊ួន ស៊ីចាវ ដែលបានឡើងទៅឈរលើជំហានទីពីរ។
· លេខ៣៖ កីឡាករ លេខ៩៩៧ ទុយ ទុង ដែលបានយកឈ្នះពានរង្វាន់ជើងទីបី។
ពិធីចែកពានរង្វាន់ត្រូវបានធ្វើឡើងក្រោមបរិយាកសរីករាយ និង រស់រវើក ដោយមានការចូលរួមពីអ្នកគាំទ្រ សាធារណជន និង ក្រុមគ្រួសារកីឡាករ។

ពិធីនេះមិនត្រឹមតែជាការប្រកួតប្រជែងធម្មតាប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍មួយដែលបង្ហាញពីភាពសាមគ្គីភាព ស្មារតី ចិត្តសប្បុរស និងការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខមាលភាព សហគមន៍។
ស្ថិតក្នុងពិធីរត់ប្រណាំងនេះដែរ លោក សាមុត សុធារិទ្ធ ក៏បានប្រគល់ថវិកាឧបត្ថម្ភដែលបានមកពីក្លឹបហាត់ប្រាណ BMG ចំនួន ១០.០០០.០០០ រៀល (ដប់លានរៀល)ជូនដល់ មណ្ឌលកុមារកំព្រាម្លប់តាប៉ាង កីឡាកីឡាការីនី រស់ក្រោមដំបូល សន្តិភាព។
ចំណែក ក្លឹបហាត់ប្រាណប៊ី អឹម ជី Big Muscle Gym បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈអធិបតីដែលមានការចូលរួម ឧបត្ថម្ភ គាំទ្រ កីឡាករ អ្នកឧបត្ថម្ភ និងសាធារណជនទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យពិធីនេះបានសម្រេចដោយជោគជ័យ និងមានន័យយ៉ាងពិតប្រាកដ៕
































