រដ្ឋបាលខេត្តស្ទឹងត្រែងបើកពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ខេត្តស្ទឹងត្រែង=រដ្ឋបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃអង្គារ៍១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ស្ទឹងត្រែង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ
បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

កម្មវិធីនេះបានអញ្ជើញចូលរួម ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមទាំងសមាជិកសមាជិកា និង មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។

តាមប្រសាសន៍របស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ឲ្យដឹងថា: ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍជាតិ ការរក្សាបាននូវចីរភាពនៃសុខសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់លើគ្រប់វិស័យ តាមលំដាប់អាទិភាព ប្រកបដោយភាពមុតស្រួច បោះជំហានទៅមុខក្នុងល្បឿនលឿន បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទាំងកម្រិតម៉ាក្រូ និងមីក្រូមានភាពរស់រវើក និងមានភាពធន់ ក្រោមបុព្វបទនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធសាស្ត្របញ្ជ កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព មានបាវចនាច្បាស់លាស់ ស៊ីជម្រៅ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលកំពុងដឹកនាំប្រកបដោយថាមវន្ត ស្វាហាប់ វាងវៃ ប៉ិនប្រសប់ និងមានចក្ខុវិស័យភ្លឺស្វាងវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម សរ សុពុត្រាបានមានប្រសាសន៍បន្ថែមថា: ដើម្បីធានាថែរក្សាបានសន្តិភាព ខឿនការពារជាតិ បូរណភាពទឹកដី អធិបតេយ្យភាពជាតិរឹងមាំ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មិនអនុញ្ញាតឱ្យពួកប្រតិកិរិយា មករំលោភ ឈ្លានពានបានឡើយ និងបន្តលើកកម្ពស់ការអភិវឌ្ឍជាតិមាតុភូមិ សង្គមសេដ្ឋកិច្ច ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនរីកចម្រើន ប្រកបដោយសុខក្សេមក្សាន្ត មានសាមគ្គីភាព និង ឯកភាពជាតិខ្មែរ ទោះបីក្នុងស្ថានភាពនេះ ប្រទេសជាតិជួបការលំបាកពីការបំពារបំពានពី ប្រទេសថៃយ៉ាងណាក្ដី ក៏កម្ពុជានៅតែរក្សាជំហរក្នុងមាគ៌ាឧត្តមភាព៕ ដោយ សុវណ្ណា ខេងឃៀង