រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅបន្ត ឆ្នាំ២០២៦

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីបិទ
អង្គសន្និបាតបូកសរុបលទ្ធផលការងារ
ឆ្នាំ២០២៥ និង លើកទិសដៅបន្ត ឆ្នាំ២០២៦ នៅ សាលប្រជុំ សូដាច័ន្ទដែលមានទីតាំងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ

ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង​ ស៊ីណេត អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ​ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នេះដែរគេឃើញមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទា​វ សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត​ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អភិបាលក្រុង​ ស្រុក មេឃុំ​ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលទាំង២៩ និង វិស័យឯកជន ។

យោងតាម របាយការណ៍ដែលមានកម្រាស់១៤ទំព័រ ឡើងថ្លែងដោយ ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីបិទ មានខ្លឹមសារសង្ខេបបានឲ្យដឹងថា៖ អង្គសន្និបាត ពិភាក្សាលើការជំរុញការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនក្រោម ៥ លានដុល្លារ ដើម្បីលើកទឹកចិត្តការវិនិយោគនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានប្រមូលបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរ ដើម្បីកំណត់ផែនការសកម្មភាព និងទិសដៅការងារឆ្នាំ២០២៦។

ឯកឧត្តម ម៉ាង ស៊ីណេតបានបន្តថា៖ អង្គសន្និបាតបានប្តេជ្ញាអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពង្រឹងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ អង្គសន្និបាតបានជំរុញការដោះស្រាយបញ្ហាដីធ្លី ការរៀបចំទីក្រុង ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញវិនិយោគ ដោយបន្តអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា៖អង្គសន្និបាតបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលឆ្នាំ២០២៥ និងសម្តែងការគោរពដឹងគុណចំពោះព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកអភិវឌ្ឍ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា ការចុះមូលដ្ឋានគឺដើម្បីស្គាល់ស្រុកទេស ហើយថ្លឹងថ្លែងសមិទ្ធផលសង្គមជាតិ និងពិនិត្យជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋរបស់យើង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសាវតានៃប្រព័ន្ធចុះមូលដ្ឋានរបស់កម្ពុជា ដែលកើតឡើងក្រោយឆ្នាំ១៩៧៩។ គ្រានោះ កម្ពុជា បានចាប់ផ្ដើមមានប្រព័ន្ធចុះមូលដ្ឋាន ដោយបានចាត់មន្ត្រីជាន់ខ្ពស់២រូប ទៅប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាពីប្រព័ន្ធចុះមូលដ្ឋានរបស់គេ កាលពីឆ្នាំ១៩៩១ ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន យើងមានប្រព័ន្ធចុះមូលដ្ឋានច្បាស់លាស់ តែមានលក្ខណៈពិសេសបន្ដិច​ គឺការចុះមូលដ្ឋានដើម្បីមកសិក្សារៀនសូត្រ ក្នុងគោលដៅស្វែងយល់បន្ថែមពីបរិបទប្រទេសរបស់យើង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដូច្នេះថា៖ខ្ញុំបានណែនាំមន្ត្រីរបស់យើងថា ការចុះមូលដ្ឋានមិនមែនទៅប្រជុំទេ ហើយចុះមូលដ្ឋានក៏ត្រូវថ្លឹងពីសមិទ្ធផលរួមរបស់សង្គមជាតិ និងសមិទ្ធផលដែលទាក់ទងនឹងក្រពះរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងជាក់ស្ដែង។ អ៊ីចឹងយើងត្រូវមានយុទ្ធសាស្ត្ររបស់យើង ក្នុងការចុះមូលដ្ឋាន ហើយបើយើងមិនចុះមូលដ្ឋានទេ គឺមិនស្គាល់ស្រុកទេសរបស់យើងឡើយ។

នៅក្នុងន័យនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងដោយសង្កត់ធ្ងន់ថា៖ ការចុះមូលដ្ឋាន ការដែលបានទៅឃើញផ្ទាល់ ជួបផ្ទាល់ ដឹងផ្ទាល់ ស្វែងយល់ពីបញ្ហាដែលប្រជាពលរដ្ឋបានជួបប្រទះ ទើបយើងអាចរកនូវដំណោះស្រាយរួមមួយសម្រាប់ពួកគាត់។

នៅចំពោះមុខសមាជិក សមាជិកានៃអង្គសន្និបាត ឯកឧត្តម សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ចំពោះការបង្ក្រាបបទល្មើសល្បែងអនឡាញយ៉ាងសកម្ម នៅក្នុងខេត្តព្រះសីហនុ។

ជាពិសេស ឯកឧត្តមបានសង្កត់ធ្ងន់លើសារសំខាន់នៃការធានាសុវត្ថិភាពជូនអ្នកទេសចរ ទាំងជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តព្រះសីហនុ ព្រមទាំងការដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីធ្លី ក្នុងឆ្នាំ២០២៥ រដ្ឋបាលខេត្តបានទទួលពាក្យបណ្ដឹង និងសំណើផ្សេងៗចំនួន ៤៦៨ករណី ដែលបានដោះស្រាយ និងកំពុងបន្តដោះស្រាយ៕