(វ៉ាស៊ីនតោន)៖ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង អមដំណើរដោយនាវាពិឃាដជាច្រើនគ្រឿងបានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ដែលនេះនឹងជួយពង្រីកសមត្ថភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីការពារកងកម្លាំងអាមេរិក ឬក៏ចាត់វិធានយោធាណាមួយប្រឆាំងនឹងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីអាមេរិក២នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters កាលពីថ្ងៃចន្ទ ទី២៦ ខែមករាថានាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងនាវាពិឃាដប្រដាប់ដោយមីស៊ីលជាច្រើន គ្រឿងបានធ្វើដំណើរឆ្លងចូលទៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបាននិយាយថាកងនាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៉ីរ៉ង់ ប៉ុន្តែសង្ឃឹមថាលោកនឹងមិនចាំបាច់ ត្រូវប្រើប្រាស់នាវាចម្បាំងទាំងនោះឡើយ។
កងនាវាចម្បាំងអាមេរិកដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln បានចាកចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីដើមខែមករា ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈភាពតានតឹងរវាង សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឡើងកម្ដៅខ្លាំងបន្ទាប់ពីការបង្រ្កាបយ៉ាងសាហាវលើក្រុមបាតុករនៅទូទាំងប្រទេសអ៉ីរ៉ង់។ លោក ត្រាំបានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ ប្រសិនបើអ៉ីរ៉ង់នៅតែបន្តសម្លាប់ បាតុករ។ តែស្ថានការណ៍បាតុកម្មនៅទូទាំងប្រទេសអ៉ីរ៉ង់មានការថមថយ ហើយលោក ត្រាំក៏បានអះអាងដែរថាការប្រហារជីវិតក្រុមបាតុករត្រូវបានបញ្ឈប់។
គួរបញ្ជាក់ថា ក្រៅតែពីបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង និងនាវាពិឃាដ សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយផងដែរយន្ដហោះចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីលទៅកាន់តំបន់មជ្ឈិមបូព៌ា៕
































