គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ពង្រឹងតួនាទីភារកិច្ច និងធ្វើបច្ចុប្បន្នភាពក្នុងការគ្រប់គ្រងសមាជិកសមាគមតាមការណែនាំថ្មី ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ បែងចែកភារកិច្ចទទួលខុសត្រូវ និងការផ្សព្វផ្សាយអំពីគំរូណែនាំថ្មីរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាព គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជននៅក្នុងខេត្ត ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងដោយមានការចូលរួមពី​អនុប្រធាន​ប្រចាំ​ការ​ និងក្រុមជំនួយការ នៅគ្រប់បណ្ដាក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ កែ ម៉ៃ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងអានសេចក្ដីសម្រេចលេខ២០៦ ចុះថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមបតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងការតែងតាំងលោក ជួនសិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម​ អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ឲ្យទទួលបន្ទុកផ្ទាល់ក្នុងការគ្រប់គ្រងអតីតនិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលតាមវិស័យ នឹងធ្វើការគ្រប់គ្រងសម្របសម្រួលទទួលពាក្យស្នើសុំចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជននៅខេត្តកំពង់ធំ។

លោក ជូន សិលាវិត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត​ និងឧត្តមសេនីយ៍ត្រី ង៉ាង ស អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ធំ បានឡើងណែនាំអំពីរបៀបរបបការងារ និងការណែនាំអំពីការធ្វើបច្ចុប្បន្នភាពតាមគំរូណែនាំថ្មី របស់គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងការគ្រប់គ្រងសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតាមមូលដ្ឋាននីមួយៗឲ្យបានច្បាស់លាស់និងមានប្រសិទ្ធភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់សេចក្ដីសម្រេចជូនលោក ជូន សិលាវិត នឹងបានណែនាំដល់ក្រុមលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជន នៅគ្រប់បណ្ដា ក្រុង ស្រុក ទាំង៩ នៅក្នុងខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតាមភារកិច្ចរៀងៗខ្លួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានប្រគល់ជូន ។ ជាមួយនោះដែរ ត្រូវចុះអនុវត្តជាបន្ទាន់ ដោយសហការជាមួយអាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ ក្នុងការធ្វើបច្ចុប្បន្នភាពថ្មី តាមគំរូណែនាំរបស់គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយការលំបាកផ្សេងៗ ជូនពួកគាត់ឲ្យបានសមស្រប​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ តាម​ការ​ចង្អុល​ណែនាំ​របស់​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍​កិត្តិ​សង្គហបណ្ឌិត ​គន់​ គីម​ អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ។