អធិការដ្ឋាននគរបាលស្រុកស្ទោងជំរុញការដំឡើងភ្លើងសូឡាចរាចរណ៍ ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរលើដងផ្លូវ

(កំពង់ធំ)៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោក វរសេនីយ៍ទោ ជឹម រីណា អធិការ បានជំរុញដល់ផ្នែកជំនាញចរាចរណ៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យបន្តដំឡើងភ្លើងសូឡាចរាចរណ៍នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការដំឡើងភ្លើងសូឡាចរាចរណ៍នេះ មានគោលបំណងជួយបង្កើនការមើលឃើញសញ្ញាសម្គាល់ និងស្ថានភាពផ្លូវ ជាពិសេសនៅពេលយប់ ឬតំបន់ដែលមានពន្លឺមិនគ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍បានកាន់តែប្រសើរ។

ជាមួយគ្នានេះ ភ្លើងសូឡាចរាចរណ៍ត្រូវបានភ្ជាប់ជាមួយលេខទូរសព្ទទំនាក់ទំនងរបស់សមត្ថកិច្ច ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មាន ឬរាយការណ៍អំពីគ្រោះថ្នាក់ និងហេតុការណ៍បន្ទាន់ផ្សេងៗ។ វិធានការនេះ នឹងជួយឱ្យសមត្ថកិច្ចទទួលបានព័ត៌មានបានឆាប់រហ័ស និងអាចចុះអន្តរាគមន៍បានទាន់ពេលវេលា។

លោកអធិការ ក៏បានណែនាំឱ្យកម្លាំងជំនាញបន្តចុះពិនិត្យ និងកំណត់ទីតាំងដែលមានហានិភ័យខ្ពស់ ដើម្បីដាក់បន្ថែមភ្លើងសូឡា និងស្លាកសញ្ញាចរាចរណ៍តាមការចាំបាច់។ ទន្ទឹមនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពសាធារណៈ។