
(កំពង់ធំ)÷ នារសៀលថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងនៅទំនប់អាងទឹក ៣០ កញ្ញា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បន្ទាប់ពីមានភ្លៀងធ្លាក់បន្តបន្ទាប់នៅតំបន់ជុំវិញ និងផ្នែកខាងលើនៃអាងទឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
សូមជម្រាបថា ដំណើរចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងនាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំផងដែរ។

ក្នុងឱកាសនោះ លោក ផាង វី បានបញ្ជាក់ថា ភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់នៅតំបន់ខាងលើ បានធ្វើឱ្យកម្ពស់ទឹកក្នុងអាងហក់ឡើងយ៉ាងលឿន។ ជាមួយគ្នានេះ លោកបានណែនាំដល់មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន និងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធទំនប់ជាប្រចាំ ដើម្បីធានាសុវត្ថិភាព និងភាពរឹងមាំនៃតួទំនប់ទាំងមូល។
ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋាន ក៏បានស្នើសុំកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ក្នុងការចុះផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលបានសង់តូបលក់ដូរនៅតាមជើងទេរទំនប់ ឱ្យធ្វើការរុះរើចេញជាបន្ទាន់ ដើម្បីសម្រួលដល់ក្រុមការងារបច្ចេកទេសក្នុងការចុះល្បាត ពិនិត្យស្ថានភាពតួទំនប់ ឆ្លើយតបបានទាន់ពេលវេលាចំពោះហេតុការណ៍យថាហេតុ និងអន្តរាគមន៍ជួសជុលបង្ការហានិភ័យផ្សេងៗ៕





































