លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក

(នៅលើយន្ដហោះ AIR FORCE ONE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានច្រានចោលសេចក្ដីរាយការណ៍ដែលថាអ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបនៃមូលដ្ឋានទ័ពមួយក្នុងប្រទេសហ្ស៊កដានី ពីក្រុមហ៊ុនចិនមួយចំនួន នៅមុនការវាយប្រហារមួយដែលសម្លាប់ទាហានអាមេរិក ៣នាក់កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាសែតអាមេរិក Wall Street Journal ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថាក្រុមហ៊ុនចិនមួយចំនួនបានផ្គត់ផ្គង់ឱ្យអ៉ីរ៉ង់នូវរូបភាពផ្កាយរណបមូលដ្ឋានទ័ពមួយក្នុងប្រទេសហ្ស៊កដានី នៅមុន និងក្រោយការវាយប្រហារមួយដែលបានសម្លាប់ទាហានអាមេរិក ៣នាក់។ នៅពេលត្រូវបានសាកសួរថាតើលោកនឹងលើកឡើងពីបញ្ហានេះនៅក្នុងកិច្ចប្រជុំនាពេលខាងមុខជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីងដែរឬក៏យ៉ាងណា? លោក ត្រាំ មិនបានឆ្លើយតបចំៗនោះទេ តែបែរជានិយាយពីការស៊ើបការណ៍រវាងសហរដ្ឋអាមេរិក និងចិនទៅវិញ។ «ជាទូទៅ ពួកគេកំពុងធ្វើអ្វីដែលយើងកំពុងធ្វើ។ នៅពេលពួកគេនិយាយថាចិនកំពុងស៊ើបការណ៍លើយើង… យើងក៏កំពុងស៊ើបការណ៍លើពួកគេដែរ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅ អ៉ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីគលើមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី ដែលទទួលឱ្យកងទ័ពអាមេរិកឈរជើង ដោយបានសម្លាប់ទាហានអាមេរិក ៣នាក់។ ក្រុមមន្ត្រីអាមេរិកដែលត្រូវបានដកស្រង់សម្ដី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយ Wall Street Journal មិនបានបញ្ជាក់ចំឈ្មោះក្រុមហ៊ុនចិនណាមួយ ដែលបានផ្ដល់រូបភាពផ្កាយរណបឱ្យអ៉ីរ៉ង់នោះទេ ហើយក៏មិនបាននិយាយថាតើប៉េកាំងមានជាប់ពាក់ព័ន្ធដោយផ្ទាល់ឬក៏យ៉ាងណានោះដែរ?

ក៏ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកបានលើកឡើងពីបញ្ហានេះជាមួយសមភាគីចិនរបស់ពួកគេ ហើយអាចនឹងលើកឡើងជាថ្មីម្ដងទៀតនៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅឯសេតវិមាន នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខ។ បើតាម Wall Street Journal ក្រុមមន្ត្រីចិនបានទាមទារភស្តុតាងដែលបង្ហាញពី ការផ្ដល់រូបភាពផ្កាយរណបឱ្យអ៉ីរ៉ង់ នៅពេលត្រូវបានជជីកសួរនាំពីក្រុមមន្ត្រីអាមេរិក ហើយបានបដិសេធសេចក្ដីរាយការណ៍ដែលថាក្រុមហ៊ុនចិនបានចូលរួម ឬផ្ដល់រូបភាពផ្កាយរណប ទៅឱ្យ តេហេរ៉ង់។

គួរបញ្ជាក់ថា លោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងជួបគ្នានៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ បើទោះជាចិនមិនទាន់ទទួលស្គាល់ជាផ្លូវការពី ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងក៏ដោយ។ លោក ត្រាំ កាលពីថ្ងៃអាទិត្យក៏បានគូសបញ្ជាក់ឡើងវិញផងដែរថាលោកមានទំនាក់ទំនងល្អជាមួយលោក ស៊ី ជីនពីង៕