តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz

(Reuters)៖ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តម្លៃប្រេងបានកើនឡើជាង ២ភាគរយ ក្រោយក្រុមហ៊ូទី (Houthi) វាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ហើយការវាយប្រហារទៅលើនាវាចរណ៍ក្នុងតំបន់ឈូងសមុទ្រពែក្ស បង្កើនក្តីបារម្ភចំពោះការផ្គត់ផ្គង់ បន្ទាប់ពីការបិទបំពង់បង្ហូរប្រេងដ៏សំខាន់មួយរបស់អារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ២,៩០ដុល្លារ មកដល់តម្លៃ ១០៧,៥១ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិកប្រភេទ WTI បានឡើងថ្លៃ ២,២៧ដុល្លារ មកដល់តម្លៃ ១០២,៣២ដុល្លារក្នុងមួយបារ៉ែល។

នៅថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត បានចេញផ្សាយវីដេអូដែលបង្ហាញពីការខូចខាតផ្ទះសម្បែង និងវិហារឥស្លាមមួយកន្លែង ដោយអះអាងថាបណ្តាលមកពីការវាយប្រហាររបស់ក្រុមហ៊ូទី ទៅលើខេត្ត Jazan ភាគខាងត្បូងនៃប្រទេស។ ក្រុមហ៊ូទី ក៏បានអះអាងផងដែរថា ពួកគេបានវាយប្រហារមូលដ្ឋានយោធារបស់អារ៉ាប៊ីសាអូឌីតមួយកន្លែង នៅក្នុងខេត្តជាប់ព្រំដែនយេម៉ែន។

ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា នាវាមួយគ្រឿងក្នុងច្រកសមុទ្រ Hormuz បានរងការវាយប្រហារដោយគ្រាប់ផ្លោង បណ្តាលឱ្យឆាបឆេះ និងបង្ខំឱ្យមានការជម្លៀសក្រុមនាវិកចេញ។ អ៉ីរ៉ង់និយាយថា មនុស្សម្នាក់បានស្លាប់ និងសមាជិកនាវិក ៤នាក់រងរបួសនៅលើនាវាពាណិជ្ជកម្មអ៉ីរ៉ង់មួយគ្រឿង ដែលរងការវាយប្រហារនៅឯឆ្នេរសមុទ្ររបស់ខ្លួន។

តម្លៃប្រេងត្រូវបានគេរំពឹងថានឹងកើនឡើង ចំពោះមុខក្តីបារម្ភកាន់តែខ្លាំងអំពីហានិភ័យនៃការផ្គត់ផ្គង់ពីអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក ខណៈបំពង់បង្ហូរប្រេងតភ្ជាប់ពីភាគខាងកើតទៅភាគខាងលិចរបស់ប្រទេសនេះ ត្រូវបានបិទដំណើរការកាលពីថ្ងៃសុក្រ ដោយសារការវាយប្រហារដោយដ្រូនចេញមកពីអ៉ីរ៉ាក់។

លោក Tony Sycamore អ្នកវិភាគទីផ្សាររបស់ក្រុមហ៊ុន IG បានលើកឡើងថា ប្រសិនបើកិច្ចពិភាក្សានៅប្រទេសអូម៉ង់ ក្នុងសប្តាហ៍នេះ មិនផ្តល់លទ្ធផលជាក់ស្តែងណាមួយ ឬប្រសិនបើបំពង់បង្ហូរប្រេងតភ្ជាប់ពីភាគខាងកើតទៅភាគខាងលិចអារ៉ាប៊ីសាអូឌីត មិនដំណើរការឡើងវិញឆាប់ៗទេនោះ វាមានហានិភ័យថាតម្លៃប្រេងឆៅ នឹងបន្តឆ្ពោះទៅរកកម្រិតខ្ពស់បំផុតគឺ ១១៩,៤៨ដុល្លារ ដែលធ្លាប់បានកត់ត្រា នៅដើមខែមីនា៕