លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា

(ប៉េកាំង)៖ នារសៀលថ្ងៃទី ១២ ខែកញ្ញា យោងតាមពេលវេលានៅក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។

លោក Xi Jinping បានលើកឡើងថា ភាគីចិនតែងតែចាត់ទុកទំនាក់ទំនងរវាងចិននិង ឥណ្ឌាក្នុងកម្រិតយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ។ ភាគីទាំងពីរត្រូវគិតគូរពីអនាគតនិង ផលប្រយោជន៍របស់មនុស្សជាតិ រួមគ្នាជំរុញឱ្យ​ “កិច្ចសហប្រតិបត្តិការ BRICS” រីកចម្រើន ប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់កម្លាំងវិជ្ជមានកាន់តែច្រើន សម្រាប់លើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពនៃពិភពលោក។

ជាមួយគ្នានេះ លោក Xi Jinping ក៏បានលើកឡើងគំនិតយោបល់ ៤ចំណុច៖ ទី១ផ្ទៀងផ្ទាត់ទិសដៅតាម​រយៈ​ការយល់ដឹងជាយុទ្ធសាស្ត្រប្រកបដោយសត្យានុម័តនិង​វិចារណញ្ញាណ​។ ទី២ ជំរុញ​ការ​អភិវឌ្ឍ​ទៅវិញទៅមកតាម​រយៈ​គំនិតសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទី៣ លុបបំបាត់ការរំខាន​តាមរយៈតម្រិះ​ប្រាជ្ញាខាងនយោបាយនៃការគោរពគ្នា​និងការយោគយល់ពី​គ្នា។ ទី៤ ផ្តល់ផលប្រយោជន៍ដល់ពិភពលលោក តាមរយៈកិច្ចសប្រតិបត្តិការពហុភាគី ដែលប្រកបដោយ ភាពបើកទូលាយនិងបរិយាប័ន។

ជាការឆ្លើយតប លោក Modi បានបញ្ជាក់ថា ភាគីឥណ្ឌាតែងតែចាត់ទុកទំនាក់ទំនង រវាងឥណ្ឌានិងចិនក្នុងកម្រិតយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ហើយរីករាយធ្វើការជាមួយប្រទេសចិនក្នុងនាមជាដៃគូ តែមិនមែនគូប្រជែងទេ ហើយក៏ចាត់ទុកការអភិវឌ្ឍរបស់គូ​ភាគី​ជាកាលានុវត្តភាព​តែមិនមែនបញ្ហាប្រឈមនោះដែរ។ ឥណ្ឌាមានឆន្ទៈរក្សាការផ្លាស់ប្តូរ​​ជាន់ខ្ពស់ ព្រមនិង​ពង្រឹង ការប្រាស្រ័យ​ទាក់ទង​ជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងធ្វើឱ្យកាន់តែជិតស្និទ្ធ ​នូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាមួយប្រទេសចិនដោយ​ឈរលើមូលដ្ឋាន នៃការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឥណ្ឌា និងចិនទទួលបានការីកចម្រើនកាន់តែច្រើន​៕