
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» (Yangtze Restaurant) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ធុរជន វិនិយោគិន និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានសម្ដែងការអបអរសាទរចំពោះការបើកដំណើរការភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» និងបានលើកឡើងថា ការបង្កើតអាជីវកម្មថ្មីៗក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច គឺជាការចូលរួមចំណែកក្នុងការធ្វើពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ បង្កើតឱកាសការងារ និងបន្ថែមជម្រើសថ្មីៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបើកដំណើរការភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» គឺជាសក្ខីភាពមួយទៀតបង្ហាញពីទំនុកចិត្តរបស់វិនិយោគិន និងធុរជនចំពោះកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ និងវិនិយោគប្រកបដោយសុវត្ថិភាព ស្ថិរភាព និងពោរពេញដោយកាលានុវត្តភាព។

ជាមួយគ្នានេះ លោក ហួត ហាក់ បានលើកទឹកចិត្តដល់ម្ចាស់ និងបុគ្គលិកភោជនីយដ្ឋាន ឱ្យបន្តយកចិត្តទុកដាក់លើគុណភាពម្ហូបអាហារ អនាម័យ សុវត្ថិភាព ស្តង់ដារសេវាកម្ម និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដើម្បីផ្តល់បទពិសោធល្អ និងភាពពេញចិត្តជូនអតិថិជន ព្រមទាំងចូលរួមលើកកម្ពស់គុណភាពវិស័យទេសចរណ៍កម្ពុជា។
ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានជូនពរឱ្យភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» ទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្ម និងក្លាយជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់វិស័យម្ហូបអាហារ បដិសណ្ឋារកិច្ច និងទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែសម្បូរបែប មានគុណភាព និងភាពទាក់ទាញ៕






























