ពន្ធគយថ្មីរបស់អាមេរិកលើកាណាដា និងការលើកលែងមួយចំនួន បានចូលជាធរមាន

(វ៉ាស៉ីនតោន)៖ ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដា បានចូលជាធរមានហើយ នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយឈីស និងទូកម៉ាស៉ីន ស្ថិតក្នុងចំណោមផលិតផលដែលត្រូវបានបន្ថែម ទៅក្នុងបញ្ជីមុខទំនិញរងផលប៉ះពាល់ ខណៈដែលក្រដាសអនាម័យ ដងស្ទូចត្រី និងស៊ីម៉ងត៍ ត្រូវបានលើកលែងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

វិធានការថ្មីចុងក្រោយនេះ នាំឱ្យផលិតផលរបស់កាណាដាជាប់ពន្ធគយក្នុងអត្រា ៥០ភាគរយ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកថាពន្ធទាំងនេះ គ្របដណ្តប់តែលើចំណែកតូចមួយប៉ុណ្ណោះនៃពាណិជ្ជកម្មទ្វេភាគីសរុប។

ផលិតផលច្រើនប្រភេទដូចជា ឈីស ទូកម៉ាស៉ីន ក្រដាសសរសេរ ផលិតផលអាលុយមីញ៉ូម និងដែក ត្រូវបានបន្ថែមទៅក្នុងបញ្ជី រួមទាំងពូក និងគ្រឿងសង្ហារិមមួយចំនួនផងដែរ។ ប៉ុន្តែ ក្រដាសជូតមាត់ និងក្រដាសអនាម័យ ដងស្ទូចត្រី និងស្រាវីស្គីបរិមាណមិនលើសពី ៤លីត្រ ត្រូវបានលើកលែងពីការបង់ពន្ធអត្រា ៥០ភាគរយ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធ ៥០ភាគរយ លើទំនិញនាំចូលពីកាណាដាដែលមានតម្លៃ ២០ពាន់លានដុល្លារ កាលពីខែសីហា បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មបរាជ័យ។ ទីក្រុងអូតាវ៉ា បានដាក់ចេញនូវវិធានការតបតវិញ តាមរយៈការដំឡើងពន្ធលើទំនិញ ដែលមានតម្លៃប្រហាក់ប្រហែលគ្នា៕