អ៉ីរ៉ង់ច្រានចោលលទ្ធភាពចរចាជាមួយអាមេរិក ហើយចោទថាលោក ត្រាំ និយាយម្តងបែបនេះម្តងបែបនោះ

(តេហេរ៉ង់)៖ ប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសអ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី១៥ ឆ្នាំ២០២៦ បានច្រានចោលលទ្ធភាពនៃការបើកកិច្ចចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា រូបលោកបើកចំហចំពោះការបន្តកិច្ចពិភាក្សា អំពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Mohsen Rezaei ដែលជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៉ីរ៉ង់ បានបង្ហោះនៅលើបណ្តាញសង្គម X ដូច្នេះថា «ចូរកុំទៅផ្តោតការចាប់អារម្មណ៍ ចំពោះការបង្ហាញសញ្ញាម្តងបែបនេះម្តងបែបនោះរបស់ប្រធានាធិបតីអាមេរិក ដែលប្តូរពី «គ្មានការចរចាអ្វីទាងអស់» មកជា «យើងត្រៀមខ្លួនជាស្រេចដើម្បីនិយាយគ្នា»។ ស្ថានភាពជុំវិញបញ្ហាប្រេង និងច្រកសមុទ្រ Hormuz គឺបានផ្លាស់ប្តូរហើយ។ ការព្យាយាមស្រោចស្រង់ស្ថានការណ៍ នឹងមិនអាចបញ្ឈប់អ្វីដែលប្រុងកើតឡើងនោះទេ។ គ្មានការចរចាដាច់ខាត រហូតទាល់តែលក្ខខណ្ឌរបស់អ៉ីរ៉ង់ ត្រូវបានបំពេញតាម»

កាលពីថ្ងៃចន្ទ លោក ត្រាំ បានលើកឡើងថា លោកបើកចំហចំពោះការចរចាគ្នាឡើងវិញជាមួយអ៉ីរ៉ង់ បន្ទាប់ពីអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក លោកបាននិយាយថា វាដូចជានៅឆាប់ពេកក្នុងការឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា «អ៉ីរ៉ង់ដែលជាប្រទេសកំពុងបរាជ័យ ចង់សម្រេចបានកិច្ចព្រមព្រៀងមួយ ឱ្យបានឆាប់ខ្លាំងណាស់។ ខ្ញុំនឹងសម្រេចថា តើសហរដ្ឋអាមេរិកនឹងជ្រើសរើសចូលរួមដែរឬទេ ខណៈយើងបើកចំហចំពោះគំនិតនេះ»

គួរបញ្ជាក់ថា អ៉ីរ៉ង់បានដាក់ចេញការទាមទាររបស់ខ្លួនម្តងហើយម្តងទៀត ក្នុងនោះរួមមានទាំងការផ្តល់សំណងសម្រាប់សង្គ្រាម ដែលបង្កឡើងដោយអាមេរិកនិងអ៉ីស្រាអែល ហើយនិងការដកទណ្ឌកម្ម ធ្វើជាលក្ខខណ្ឌមុន សម្រាប់បញ្ចប់សង្គ្រាម និងការបិទខ្ទប់ច្រកសមុទ្រ Hormuz៕