(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ចិនបានទទូចឱ្យសហរដ្ឋអាមេរិក ឈប់ត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាមនៅទីអវកាស បន្ទាប់ពីកងកម្លាំងអវកាសអាមេរិក បានទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយសព្វាវុធនៅក្នុងគន្លងអវកាសរបស់ភពផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភេទអាវុធអ្វីនោះទេ ដោយគ្រាន់តែបង្ហើបថាមានសមត្ថភាពទាំងការពារ និងវាយលុក។
ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង កំពុងជាគូប្រជែងភូមិសាស្រ្តនយោបាយធំជាងគេនៅលើពិភពលោក និងជាយូរមកហើយ បានព្យាយាមពង្រីកផលប្រយោជន៍ ក៏ដូចជាវត្តមានយុទ្ធសាស្រ្តរបស់ខ្លួន នៅក្នុងលំហអវកាសថែមទៀត។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងថា ក្រសួងការបរទេសចិន ជំទាស់ទង្វើខាងលើរបស់អាមេរិក ដោយព្រមានប្រឆាំងការយកទីអវកាសធ្វើជាអាវុធ ប្រែក្លាយវាទៅជាសមរភូមិ ហើយបង្កការរត់ប្រណាំងសព្វាវុធនៅទីនោះ។ លោក Guo បន្តថា «យើងទទូចឱ្យភាគីអាមេរិក ឈប់ពង្រីកសមត្ថភាពយោធារបស់ខ្លួន ហើយឈប់ត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាមនៅទីអវកាស»។
ក្នុងសេចក្តីប្រកាសទទួលស្គាល់ការដាក់ពង្រាយអាវុធ កងកម្លាំងអវកាសអាមេរិក បានអះអាងថាទាំងរុស្ស៉ីនិងចិន បាននិងកំពុងបង្កការគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងទីអវកាស។ ក្នុងនោះចិនបានអភិវឌ្ឍ និងកំពុងធ្វើប្រតិបត្តិការសមត្ថភាពក្នុងទីអវកាស និងប្រឆាំងផ្កាយរណបជាផ្នែកមួយនៃការធ្វើទំនើបកម្មយោធា។ ចំណែក រុស្ស៉ីវិញមើលឃើញទី អវកាសជាទីលានប្រយុទ្ធ ហើយជឿថាការមានឧត្តមភាពនៅក្នុងទីអវកាសនឹងក្លាយជា កត្តាកំណត់មួយដ៏សំខាន់ពីការឈ្នះចាញ់ នៅក្នុងជម្លោះនៅពេលអនាគត។
គួរបញ្ជាក់ថា ការធ្វើយោធូបនីយកម្មនៅក្នុងទីអវកាស មិនមែនជារឿងថ្មីថ្មោងនោះទេ។ តួយ៉ាង ភ្លាមៗក្រោយរុស្ស៉ីបាញបង្ហោះផ្កាយរណប Sputnik ចូលទៅកាន់គន្លងតារាវិថី ក្នុងឆ្នាំ១៩៥៧ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានចាប់ផ្ដើមរកមធ្យោបាយរៀងៗខ្លួន ដើម្បីបំពាក់អាវុធ និងអភិវឌ្ឍសមត្ថភាពកម្ទេចផ្កាយរណប។
កាលពីមុន អ្វីដែលធ្លាប់ជាការព្រួយបារម្ភធំបំផុត នោះគឺលទ្ធភាពនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងទីអវកាស។ ប៉ុន្តែ មហាអំណាចធំៗ និងបណ្ដាប្រទេសដទៃទៀត បានចុះហត្ថលេខាលើសន្ធិសញ្ញា Outer Space Treaty ក្នុងឆ្នាំ១៩៦៧ ដោយហាមឃាត់កាដាក់ពង្រាយអាវុធមហាប្រល័យនៅលើគន្លងតារាវិថី។ ចាប់ពីនោះមក អាមេរិក ចិន រុស្ស៉ី និងឥណ្ឌា បានរិះរកមធ្យោបាយផ្សេងទៀត ដើម្បីប្រយុទ្ធក្នុងទីអវកាសដោយមិនស្ថិតក្រោមការចងនៃសន្ធិសញ្ញាខាងលើ។ មធ្យោបាយទាំងនោះ រួមមានទាំង ការកំណត់គោលដៅលើផ្កាយរណបរបស់សត្រូវ ដែលមានសារសំខាន់ជាខ្លាំង សម្រាប់ការទាក់ទង តាមដាន និងផ្តល់ទិសដៅរបស់យោធា៕




























