
(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែង សមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របស់ប្រតិភូគណបក្សយុវជនកម្ពុជា ចំនួន ១រូបទៀត ដែលមានឋានៈស្មើអគ្គនាយករងផងដែរ។
សូមបញ្ជាក់ថា នាថ្មីៗនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់សមាជិកភាពទាំ៦រូបនៃគណបក្សយុវជនកម្ពុជា ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការស្នើបញ្ចប់នេះ ក៏ព្រោះគណបក្សរបស់លោក នឹងត្រូវរំលាយនាពេលខាងមុខ។
លោក ពេជ្រ ស្រស់ បានហៅការរំលាយបក្សជាការរពតាមការសន្យារបស់លោក ដែលប្រកាសធ្វើនយោបាយតែ១០ឆ្នាំប៉ុណ្ណោះ៕
































