ឯកឧត្តម ហ៊ីម លីម៉េង ដឹកនាំកិច្ចប្រជុំតម្រង់ទិសសម្រាប់មន្ត្រីជាប់កិច្ចសន្យា ដែលបានជ្រើសរើសបម្រើការងារនៅសាលាខេត្តកំពង់ធំ

(កំពង់ធំ)៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ីម លីម៉េង អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសសម្រាប់មន្ត្រីជាប់កិច្ចសន្យា ដែលបានជ្រើសរើសឱ្យចូលបម្រើការងារនៅសាលាខេត្តកំពង់ធំ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការណែនាំ និងតម្រង់ទិសដល់មន្ត្រីជាប់កិច្ចសន្យា ឱ្យបានយល់ច្បាស់អំពីតួនាទី ភារកិច្ច ក្រមសីលធម៌ វិន័យការងារ និងការទទួលខុសត្រូវក្នុងការបំពេញការងារ ស្របតាមបទប្បញ្ញត្តិ និងរបៀបរបបការងាររបស់រដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ និងការណែនាំពាក់ព័ន្ធនឹងការបំពេញការងារ ដោយត្រូវមានស្មារតីទទួលខុសត្រូវ គោរពវិន័យ សាមគ្គីភាព សហការជាមួយមន្ត្រីពាក់ព័ន្ធ និងខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមចំណែកក្នុងការបម្រើសេវាសាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ មន្ត្រីជាប់កិច្ចសន្យាដែលត្រូវបានជ្រើសរើស ក៏ត្រូវបានលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញការងារ ព្រមទាំងរក្សាអាកប្បកិរិយា និងក្រមសីលធម៌សមរម្យ ក្នុងនាមជាអ្នកបម្រើការងារក្នុងវិស័យសាធារណៈ។

អត្ថបទដោយ រិទ្ធី, រូបភាព ប៊ុនហ័រ ពិនិត្យដោយទុក្ខស្រីកែវបូរី
                     (ការិយាល័យAKP កំពង់ធំ)