
កោះកុង៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះប្រតិបត្តិការឃាត់រថយន្តម៉ាក Lexus មួយគ្រឿង និងរ៉ឺម៉កកង់បីមួយគ្រឿង ដែលសង្ស័យថាបានដឹកជញ្ជូនទំនិញ និងគ្រឿងសមុទ្រដោយខុសច្បាប់ កាលពីវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចគល់ស្ពានកោះកុងខាងលិច ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្តម៉ាក Lexus មួយគ្រឿង ដែលមានផ្ទុកទំនិញគ្រឿងទេសជាច្រើនប្រភេទ ដូចជា ប្រេងឆា ប្រេងខ្យង ជញ្ជីង និងថ្នាំលាបផ្ទះ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ ដោយឡែក រ៉ឺម៉កកង់បីមួយគ្រឿងទៀត ត្រូវបានរកឃើញថាមានដឹកជញ្ជូន “ខ្យង” សុទ្ធ។
លោកវរសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹងថា បច្ចុប្បន្នទាំងមនុស្ស រថយន្ត រ៉ឺម៉កកង់បី និងវត្ថុតាងទំនិញទាំងអស់ ត្រូវបាននាំយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ កៅ វង




























