
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក។
ពិធីសម្ពោធមន្ទីរពេទ្យដែលដើរតួនាដ៏សំខាន់ក្នុងការព្យាបាលជំងឺមហារីកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យ ព្រមទាំងនិស្សិតសិក្សាផ្នែកសុខាភិបាលជាច្រើនរូបទៀត។
«មន្ទីរពេទ្យហ្លួងម៉ែ» មានទីតាំងស្ថិតនៅលើផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កា រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ ដើមឡើយជាមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ដែលជាការផ្តួចផ្តើមគំនិតរបស់លោកស្រី ជេននី រីតស្កេស (Janne Ritskes) និងលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

ក្នុងពេលប្រទេសកម្ពុជារងការរាតត្បាតដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានទិញយកមន្ទីពេទ្យនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ព្រមទាំងបានប្តូរឈ្មោះទៅជា «មន្ទីរពេទ្យហ្លួងម៉ែ» តាមរយៈលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
ក្រោយបញ្ចប់ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តួចផ្តើមលើកយោបល់ជូនសម្តេចតេជោ ហ៊ុន សែន ប្រែក្លាយ «មន្ទីរពេទ្យហ្លួងម៉ែ» ជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក។
តាមរយៈការលើកយោបល់នោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មន្ទីរពេទ្យហ្លួងម៉ែង» ជាគ្រឹះស្ថានផ្តល់សេវាសុខាភិបាលសាធារណៈ តាមរយៈអនុក្រឹត្យលេខ១៩៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
«មន្ទីរពេទ្យហ្លួងម៉ែ» មានអគារមន្ទីរពេទ្យចំនួន ១ខ្នង កម្ពស់ ៥ជាន់ និងអគារអាហារដ្ឋានចំនួន ១ខ្នង ចំណតយានយន្ត រួមជាមួយសួនច្បារទំហំជាង២ពាន់ម៉ែត្រក្រឡា។ មន្ទីរពេទ្យមានគ្រែសរុបចំនួន ២០០គ្រែ។

«មន្ទីរពេទ្យហ្លួងម៉ែ» បានបើកដំណើរការដំណាក់កាលដំបូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយចាប់ផ្តើមដំណើរការផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបឋម មន្ទីរពិសោធន៍ និងឱសថស្ថាន ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ហើយក៏បានពង្រីកការផ្តល់សេវាផ្នែកសុខាភិបាលពាក់ព័ន្ធជំងឺមហារីកជាបន្តបន្ទាប់។ បច្ចុប្បន្នមន្ទីរពេទ្យមានផ្តល់សេវា ដូចជា៖ សេវា សង្គ្រោះបន្ទាន់ ពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យរកកោសិកាមហារីកមាត់ស្បូន មន្ទីរពិសោធន៍ និងវិភាគជាលិកា វះកាត់មហារីក អន្តរាគមន៍ឆ្លុះប្រព័ន្ធរំលាយអាហារ និងសេវាអន្តរាគមន៍រូបភាពសាស្ត្រ ព្រមទាំងសេវាគាំទ្រផ្សេងទៀត។
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យបានផ្តល់សេវា៖ ពិគ្រោះជំងឺក្រៅ (OPD) បានចំនួន ២៣៣ ៩២២នាក់ ស្រី ១៧៧ ០៤៧ ស្មើ ៧៥.៦៨ភាគរយ, សម្រាកពេទ្យ (IPD) ចំនួន ២១ ៩៧៥នាក់ ស្រី ១៥ ១១៨ នាក់ ស្មើ ៦៨.៧៩ភាគរយ, ស្រាវជ្រាវរកឃើញអ្នកជំងឺមហារីកថ្មី ចំនួន ៣ ៤២០នាក់ ស្រី ២ ២១៨នាក់ ស្មើនឹង ៦៥ភាគរយ, ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន បានចំនួន ៥ ៥៥៧ដូស ក្នុងនោះ ចាក់ជូនកុមារី អាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃ បានចំនួន ៥៧០ដូស។
ដោយមានកិច្ចសហការពីអង្គការនគរទេព មន្ទីរពេទ្យបានផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីក មាត់ស្បូន ដោយឥតគិតថ្លៃ បានចំនួន ១០ ៤៥៥ករណី។

បន្ថែមពីលើនេះ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ការព្យាបាលដុំមហារីកដោយបញ្ចាំងកាំរស្មី Linac Accelerator បានចំនួន ២៨៩ករណី ក្នុងនោះ គូសប្លង់ បានចំនួន ៣៨២។
បច្ចុប្បន្ន «មន្ទីរពេទ្យហ្លួងម៉ែ» មានមន្ត្រី និងបុគ្គលិកចំនួន ៤៤១នាក់ ដោយមន្ត្រីរាជការចំនួន ៥៩នាក់ បុគ្គលិកជាប់កិច្ចសន្យាមុខងារ ចំនួន ២០នាក់ និងបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យចំនួន ៣៦២នាក់ ក្នុងនោះ រួមមាន៖ បុគ្គលិកបច្ចេកទេសសុខាភិបាលចំនួន ៣៣៣នាក់ និងបុគ្គលិកមិនមែនសុខាភិបាលចំនួន ១០៨នាក់។
បុគ្គលិកបច្ចេកទេសសុខាភិបាល រួមមាន៖ សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេស ចំនួន ៧៩នាក់, វេជ្ជបណ្ឌិតទូទៅ ចំនួន ១៧នាក់, អ្នករូបវិទ្យាវេជ្ជសាស្ត្រ ចំនួន ៤នាក់, ឱសថការី ចំនួន ១៧នាក់, គិលានុបដ្ឋាក ចំនួន ១២៣នាក់, ឆ្មប ចំនួន ៥២នាក់ ព្យាបាលដោយចលនា ចំនួន ២ នាក់, អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ២១នាក់ និងអ្នកបច្ចេកទេសវិទ្យុសាស្រ្តសម្រាប់បាញ់កាំរស្មី ចំនួន ៦នាក់ អ្នកបច្ចេកទេសវិទ្យុសាស្រ្ត ចំនួន ១២នាក់។
មន្ទីរពេទ្យ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ លើការបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវដូចជាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ប្រទេសបារាំង អូស្ត្រាលី និងកូរ៉េខាងត្បូងជាដើម។
មន្ទីរពេទ្យ មានផែនការសម្រាប់ដំណាក់កាលទីពីរ ក្នុងការពង្រីកវិសាលភាពនៃការព្យាបាល គ្រប់ប្រភេទដុំមហារីក និងមហារីកគ្រាប់ឈាម ព្រមទាំងវេជ្ជសាស្ត្រនុយក្លេអែរ (Nuclear Medicine)។ បច្ចុប្បន្នមន្ទីរពេទ្យកំពុងសិក្សាជាមួយដៃគូអភិវឌ្ឍន៍ Global Infrastructure Facility (GIF) ដើម្បីសិក្សាសមិទ្ធិលទ្ធភាព (Pre-feasibility study) ដោយគាំទ្រថវិកាឥតសំណង ចំនួន ២៧៥ ០០០ដុល្លារសហរដ្ឋអាមេរិក ពីធនាគារ Asian Infrastructure Investment Bank (AIIB)៕



























