ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត

(ឡុងដ៍)៖ ប្រទេសព្រីតថេន សហរដ្ឋអាមេរិក និងហូឡង់ បានរួមគ្នាចេញសេចក្តីព្រមានអំពីមេរោគស៊ើបការណ៍សម្ងាត់ (Spyware) មួយប្រភេទ ដែលពួកគេអះអាងថាត្រូវបានក្រុមហេគឃ័រជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអ៉ីរ៉ង់ ប្រើប្រាស់ដើម្បីលួចយកព័ត៌មានពីក្រុមអ្នករិះគន់ សកម្មជន និងអ្នកសារព័ត៌មាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ព្រីតថេន (NCSC) បានបញ្ជាក់ថាក្រុមហេគឃ័រទាំងនោះ បានប្រើប្រាស់មេរោគឈ្មោះ «CHOSEN BRICK» តាមរយៈការផ្ញើសារលួងលោមបោកបញ្ឆោតលើ WhatsApp និង Telegram ដើម្បីលួចសារ អ៊ីមែល បញ្ជីទំនាក់ទំនង ថតអេក្រង់ និងថែមទាំងអាចលួចបើកមីក្រូហ្វូនរបស់ឧបករណ៍ជនរងគ្រោះទៀតផង។ នៅក្នុងករណីខ្លះ ពួកគេថែមទាំងបានបន្លំប្រើប្រាស់ឯកសារវេជ្ជសាស្ត្រក្លែងក្លាយ ដើម្បីបញ្ចុះបញ្ចូលឱ្យជនរងគ្រោះទាញយកមេរោគនេះទៅដំឡើង។

គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍ និងសន្តិសុខនៃប្រទេសទាំងបី រួមមាន NCSC របស់ព្រីតថេន FBI របស់អាមេរិក និង AIVD របស់ហូឡង់ បានវាយតម្លៃថា អ៉ីរ៉ង់ស្ទើរតែប្រាកដណាស់បានប្រើប្រាស់ការវាយប្រហារតាមប្រព័ន្ធឌីជីថល ដើម្បីតាមដាន និងបង្ក្រាបអ្នកដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងដល់របបដឹកនាំរបស់ខ្លួន។​ ទោះជាយ៉ាងណា​ ជុំវិញបញ្ហានេះ ស្ថានទូតអ៉ីរ៉ង់នៅទីក្រុងឡុងដ៍ មិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ៕