(គែរ)៖ អ្នកនាំពាក្យក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត លោក Turki al-Malki បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់ និងកម្ទេចដ្រូនមួយគ្រឿងរបស់ក្រុមហ៊ូទីដែលហោះតម្រង់ទៅរកទីក្រុង Mecca ជាទីក្រុងដ៏ពិសិដ្ឋមួយសម្រាប់អ្នកកាន់សាសនាអ៉ីស្លាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Turki al-Malki នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាសន្តិសុខនៃទីក្រុងដ៏ពិសិដ្ឋរបស់សាសនាអ៉ីស្លាម និងជាកន្លែងធ្វើធម្មយាត្រា គឺជាបន្ទាត់ក្រហម ហើយថាក្រុមចម្រុះនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីឆ្លើយតបទៅនឹងក្រុមហ៊ូទី។ Mecca ជាទីក្រុងដ៏ពិសិដ្ឋមួយជាទីដែលអ្នកកាន់សាសនាអ៉ីស្លាមនៅជុំវិញពិភពលោកតែងតែជួបជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីប្រតិបត្តិការធ្វើធម្មយាត្រាសាសនា ឬគេស្គាល់ហាជ្ជ (hajj) ដែលជាសរសរស្ដុម្ភមួយក្នុងចំណោមសរសរស្ដុម្ភទាំង៥ របស់សាសនាអ៉ីស្លាម។
តាមលោក al-Malki នេះជាលើកទី២ហើយដែលក្រុមហ៊ូទីប៉ុនប៉ងវាយប្រហារលើទីក្រុង Mecca បន្ទាប់ពីអ្វីដែលក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតធ្លាប់បានអះអាងថាក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់មួយនេះមានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានប៉ុនប៉ងវាយប្រហារដោយបាញ់មីស៊ីលបាលិស្ទីគលើទីក្រុងមួយនេះកាលពីខែកក្កដា ឆ្នាំ២០១៧។ នៅពេលនោះក្រុមហ៊ូទី បានច្រានចោលការចោទប្រកាន់នេះ ហើយជាថ្មីម្ដងទៀតនៅថ្ងៃពុធនេះដែរ ហ៊ូទីបានអះអាងថាខ្លួនមិនបានបង្កការគំរាមកំហែងណាមួយលើទីក្រុង Mecca ឬក៏ទីក្រុងដ៏ពិសិដ្ឋដទៃទៀតរបស់អ្នកកាន់សាសនាអ៉ីស្លាមនោះទេ។
គួរបញ្ជាក់ថា ជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី បានឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់មួយនេះបានដណ្ដើមគ្រប់គ្រងច្រកសមុទ្រ Bab el-Mandeb ដែលជាច្រកផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនប្រេង។ ការគ្រប់គ្រងរបស់ក្រុមហ៊ូទីលើច្រកសមុទ្រនេះគឺជាការគំរាមកំហែងមួយដល់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត ខណៈច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់រួចទៅហើយនោះ។
ហ៊ូទីបានប្រកាសពីការវាយប្រហារទ្រង់ទ្រាយធំជាច្រើនលើអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ ក្នុងនោះរួមមានទាំងការវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះដែលពួកគេអះអាងថាជាការសងសឹកទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតលើយេម៉ែន៕


























