តុលាការកូរ៉េខាងត្បូង បង្គាប់ឱ្យកូរ៉េខាងជើងសងសំណង ៣២,៥លានដុល្លារ សម្រាប់ការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបង្គាប់កូរ៉េខាងជើងសងប្រាក់ ៣២,៥លានដុល្លារ ជុំវិញការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីឆ្នាំ២០២០ ហើយដែលការិយាល័យនេះត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញទំនាក់ទំនងរវាងកូរ៉េទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ពាក្យបណ្ដឹងទាមទារសំណងជុំវិញការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ គឺជាលើកដំបូងបំផុតដែលរដ្ឋាភិបាលកូរ៉េខាងត្បូងទាមទារសំណងខូចខាតដោយផ្ទាល់ពីកូរ៉េខាងជើង។ ការិយាល័យទំនាក់ទំនងអន្តរកូរ៉េត្រូវបានសាងសង់ឡើងនៅឯតំបន់ឧស្សាហកម្ម Kaesong ជាទីដែលក្រុមហ៊ុនកូរ៉េខាងត្បូងធ្លាប់ជួលពលករកូរ៉េខាងជើងឱ្យធ្វើការ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបំផ្ទុះកម្ទេចការិយាល័យនេះកាលពីខែមិថុនា ឆ្នាំ២០២០ ប៉ុន្មានថ្ងៃបន្ទាប់ពីភាពតានតឹងជុំវិញការបង្ហោះបាឡុងនាំសាររិះគន់ប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ពីសំណាក់ក្រុមសកម្មជនក្នុងប្រទេសកូរ៉េខាងត្បូង ចូលទៅកាន់ទីក្រុងព្យុងយ៉ាង។

ជាមួយការសម្ដែងការខឹងសម្បារ កូរ៉េខាងជើងនៅពេលនោះបានចាត់ទុកការិយាល័យទំនាក់ទំនងអន្តរកូរ៉េថាគ្មានប្រយោជន៍។ នៅក្នុងសាលក្រមរបស់ខ្លួន តុលាការក្នុងទីក្រុងសេអ៊ូល បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងគួរតែសងសំណងរដ្ឋាភិបាលកូរ៉េខាងត្បូង ៤៤,៦ពាន់លានវ៉ុន (ឬ ៣២,៥លានដុល្លារ) ជុំវិញការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ»

គួរបញ្ជាក់ថា ការិយាល័យទំនាក់ទំនងអន្តរកូរ៉េត្រូវបានបើកសម្ពាធក្នុងខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្មានថ្ងៃមុនអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៣របស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ មានមន្ត្រីកូរ៉េខាងត្បូង និងកូរ៉េខាងជើងប្រហែល២០នាក់ ធ្លាប់បានឈរជើងប្រចាំការ ក្នុងការិយាល័យនេះជាច្រើនខែ រហូតដល់ការធ្វើប្រតិបត្តិការត្រូវបានផ្អាកក្នុងខែមករា ឆ្នាំ២០២០ ដោយសារតែការឆ្លងរាតត្បាតកូវីដ១៩៕