
(ភ្នំពេញ)៖ នាយិកាប្រចាំប្រទេសកម្ពុជា ដែលទើបតែងតាំងថ្មី របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លោកស្រី Laetitia Habchi បានបញ្ជាក់ជំហរក្នុងការបន្តវិនិយោគ និងគាំទ្រយ៉ាងពេញទំហឹងដល់កំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅពង្រីកសេវាទឹកស្អាតដែលមានសុវត្ថិភាព។
ការបញ្ជាក់នេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកំណែទម្រង់វិស័យទឹកស្អាត រួមមានការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិករ ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន និងការធានាសន្តិសុខរយៈពេលវែងសម្រាប់វិស័យនេះ។

លោក ហែម វណ្ណឌី បានគូសបញ្ជាក់ថា AFD គឺជាដៃគូដ៏រឹងមាំ និងយូរអង្វែងរបស់កម្ពុជា ហើយវិស័យទឹកស្អាតនៅតែត្រូវការកំណែទម្រង់ និងការវិនិយោគបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅពង្រីកសេវាទឹកស្អាតដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន។ លោកបានលើកឡើងថា«យើងសម្រេចបានសមិទ្ធផលជាច្រើនរួមគ្នា ប៉ុន្តែបញ្ហាប្រឈមនៅពេលខាងមុខ នៅមានច្រើនដែលត្រូវដោះស្រាយ ជាពិសេសធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបានគោលដៅនានាដែលបានកំណត់»។
ជាផ្នែកមួយនៃកំណែទម្រង់ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើតនិយ័តករទឹកស្អាត ដែលបច្ចុប្បន្នក្របខ័ណ្ឌបទប្បញ្ញត្តិ និងស្ថាប័នកំពុងត្រូវបានរៀបចំ។ កំណែទម្រង់នេះនឹងតម្រូវឱ្យប្រតិបត្តិករអនុវត្តស្តង់ដាខ្ពស់ និងបង្កើនការវិនិយោគ ដែលទាមទារហិរញ្ញប្បទានកាន់តែច្រើន។

លោក ហែម វណ្ណឌី បានកត់សម្គាល់ថា គ្រឹះស្ថានធនាគារបានចាប់ផ្តើមផ្តល់ឥណទានដល់វិស័យទឹកស្អាត រួមទាំងហិរញ្ញប្បទានក្នុងលក្ខខណ្ឌអនុគ្រោះសម្រាប់ប្រតិបត្តិករដឹកនាំដោយស្ត្រី និងបានលើកទឹកចិត្ត AFD ឱ្យពិនិត្យលទ្ធភាពពង្រីកការគាំទ្របន្ថែមដល់ប្រតិបត្តិករទឹកស្អាតឯកជន បន្ថែមពីលើហិរញ្ញប្បទានតាមរយៈរាជរដ្ឋាភិបាល។
លោកស្រី Laetitia Habchi បានសង្កត់ធ្ងន់ថា វិស័យទឹកគឺជាវិស័យគន្លឹះរបស់ AFD នៅកម្ពុជា ហើយនឹងបន្តជាអាទិភាពទៅមុខទៀត។ លោកស្រីបានបន្ថែមថា AFD នឹងលើកទឹកចិត្ត Proparco ដែលជាបុត្រសម្ព័ន្ធផ្នែកឯកជនរបស់ខ្លួន ឱ្យបន្តគាំទ្រកំណែទម្រង់ និងការវិនិយោគឯកជនក្នុងវិស័យនេះ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងផលប៉ះពាល់ដែលអាចកើតមានលើហិរញ្ញប្បទានសម្បទាន ខណៈដែលវិស័យទឹកស្អាតនៅតែត្រូវការការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ៕






























