រដ្ឋមន្ត្រី ហួត ហាក់៖ ព្រះសីហនុត្រូវពង្រីកសក្តានុពលទេសចរណ៍ និងធុរកិច្ច ដើម្បីក្លាយជាទីក្រុងសេដ្ឋកិច្ច និងទេសចរណ៍គំរូទី២

(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០» ដែលជាខេត្តគោលដៅទី៥។

ផែនការអភិវឌ្ឍន៍ទេសចរណ៍នេះ ជាផែនទីបង្ហាញផ្លូវរួម និងជាក្របខណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធ រួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែមានគុណភាព និងភាពទាក់ទាញ ដើម្បីសម្រេចចក្ខុវិស័យឱ្យខេត្តព្រះសីហនុ ក្លាយជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តកម្រិតអន្តរជាតិ ប្រកបដោយគុណភាព និងឧត្តមភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។

ផែនការនេះ ក៏មានគោលដៅរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលទីក្រុងធំទីពីររបស់កម្ពុជា ដែលគាំទ្រដល់វិបុលភាពសេដ្ឋកិច្ច ការច្នៃប្រឌិត និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងអង្គភាព និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ប្រតិបត្តិករទេសចរណ៍, សហគមន៍ទេសចរណ៍, គ្រឹះស្ថានសិក្សា, សិស្សានុសិស្ស និងអ្នកផលិតមាតិកាព័ត៌មាន សរុបប្រមាណ ២៥០នាក់។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលលេចធ្លោជាច្រើន ដែលខេត្តព្រះសីហនុ ទទួលបានទាំងក្នុងកម្រិតជាតិ និងកម្រិតអាស៊ាន តាមរយៈការទទួលបានពានរង្វាន់ និងជ័យលាភីជាបន្តបន្ទាប់។

លោកបានបន្តថា ខេត្តព្រះសីហនុ បានអភិវឌ្ឍយ៉ាងឆាប់រហ័ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើន ខណៈសោភណភាពទីក្រុង ឆ្នេរសមុទ្រ និងទីសាធារណៈនានា ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់។ ទន្ទឹមនេះ ការរៀបចំទីតាំងកម្សាន្ត និងសំណង់និមិត្តរូបលេចធ្លោ ដូចជា រូបសំណាក «ព្រះថោងតោងស្បៃនាងនាគ» រូបសំណាក «ខ្មែរធ្វើបាន» និងរូបសំណាក «នាគបាញ់ទឹក» ជាដើម ក៏បានរួមចំណែកបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

លោក ហួត ហាក់ បានលើកឡើងថា ខេត្តព្រះសីហនុ មានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ដោយមានឆ្នេរសមុទ្រស្រស់ស្អាត កោះធំតូច ធនធានធម្មជាតិ ជីវចម្រុះសមុទ្រ និងឧទ្យានជាតិរាម ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍ឆ្នេរ ទេសចរណ៍កោះ អេកូទេសចរណ៍ និងកីឡាទេសចរណ៍លើទឹក។

ជាមួយគ្នានេះ ខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដ៏ប្រទាក់ក្រឡា រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែសមុទ្រទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍គ្រប់កម្រិត ដែលជាមូលដ្ឋានរឹងមាំសម្រាប់អភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍សមុទ្រកម្រិតអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយារបស់ភ្ញៀវទេសចរកាន់តែមានការផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ ខេត្តព្រះសីហនុ ត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អ និងពង្រឹងគុណភាពសេវាកម្ម បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត ព្រមទាំងពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ។

លោកបានបញ្ជាក់ថា ការងារទាំងនេះ មានគោលដៅធានាថា ខេត្តព្រះសីហនុ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី ដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ព្រមទាំងបន្តរក្សាភាពប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងពិភពលោក។

លោក ហួត ហាក់ ក៏បានលើកឡើងថា វិស័យទេសចរណ៍មានចរិតលក្ខណៈអន្តរវិស័យ និងមានភាពប្រទាក់ក្រឡា ដែលទាមទារឱ្យមានការចូលរួមយ៉ាងស្រុះគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»

ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ ដោយផ្តោតលើការចូលរួមយ៉ាងសកម្ម បុរេសកម្ម អន្តរសកម្ម និងពេលខ្លះប្រតិកម្ម ពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនក្នុងស្រុក និងបរទេស បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកា Influencers, KOLs និងប្រជាពលរដ្ឋគ្រប់រូប ទាំងខ្មែរ និងបរទេសដែលស្រឡាញ់កម្ពុជា។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកផលិតមាតិកា និង Influencers ព្រមទាំងយុវជនទាំងអស់ ដែលបានរួមគ្នាផ្តិតយករូបភាពល្អៗ និងស្រស់ស្អាត ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ និងផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីកម្ពុជា ក្នុងស្មារតីស្នេហាជាតិ មោទនភាពជាតិ និងលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ពិភពលោក។

លោកបានគូសបញ្ជាក់ថា ការចូលរួមរបស់គ្រប់រូប គឺស្របតាមទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍ថា «បុគ្គលម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»