
កំពង់ធំ ÷ នៅព្រឹកថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2026 ឯកឧត្តម អ៊ុន បុត្ត បានអញ្ជើញជាអធិបតី នៅក្នុងកម្មវិធី ” កិច្ចសហការនិងវិធានការ ការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ 2026 ” ដែលរៀបចំឡើងនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ។
ឯកឧត្តម អ៊ុន បុត្ត បានថ្លែងថា ផ្អែកតាមរបាយការណ៍សង្ខេបរបស់ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ធំ ការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោតឆ្នាំ 2026 និងចាប់ផ្ដើមចាប់ពីថ្ងៃទី 07 ខែតុលា ឆ្នាំ 2026 រហូតដល់ថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2027។ រីឯការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ទូទាំងប្រទេសមានរយៈពេល 55ថ្ងៃ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី 7 ខែតុលា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2026។ ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំឲ្យ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមផ្ដល់នូវកិច្ចសហការ ឲ្យបានល្អទៅវិញទៅមក ដោយមានការយោគយល់គ្នា ប្រកបដោយភាតរភាព ក្នុងនាមជាខ្មែរតែមួយ។ ដើម្បីឲ្យដំណើរការនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅបាន ដោយត្រឹមត្រូវនិងស្មើភាព មិនមាន ការរើសអើង ការបំភិតបំភ័យ ការគំម្រាមកំហែង និងអំពើហិង្សាកើតឡើងណាមួយនោះឡើយ។ ម្យ៉ាងវិញទៀត អាជ្ញាធរនិងរដ្ឋបាលសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ សូមប្រកាន់នូវជំហរអព្យាក្រឹត្យឥតលំអៀង ក្នុងការដោះស្រាយនូវកិច្ចការរដ្ឋបាល ជូនទៅដល់គ្រប់គណបក្សនយោបាយ។

ឯកឧត្តមក៏បាន ស្នើសុំឲ្យគ្រប់គណបក្សនយោបាយ និងសមាគមអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលកំពុងតែធ្វើសកម្មភាពនៅក្នុងខេត្តកំពង់ធំ ត្រូវតែគោរពច្បាប់ បទបញ្ជា នីតិវិធី និងប្រកាន់ខ្ជាប់នៅក្រមសីលធម៌របស់ខ្លួន ប្រកបដោយអាកប្បកិរិយាថ្លៃថ្នូរ ដោយមិនត្រូវញុះញង់អ្នកគាំទ្រ ឲ្យប្រព្រឹត្តនូវអំពើហិង្សាទៅលើប្រជាពលរដ្ឋ ឬអ្នកគាំទ្រគណបក្សដទៃនោះឡើយ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីរ តំណាងគណបក្សនយោបាយ ចំនួន 8 រួមមាន ÷ 1. គណបក្សប្រជាជនកម្ពុជា, 2. គណបក្សហ្វ៊ុនស៊ិនប៉ិច, 3. គណបក្សកម្លាំងជាតិ, 4. គណបក្សខ្មែររួបរួមជាតិ, 5. គណបក្សសញ្ជាតិកម្ពុជា, 6. គណបក្សឆន្ទៈខ្មែរ, 7. គណបក្សជំនាន់ថ្មី, 8. គណបក្សកែទម្រង់កម្ពុជា។ អត្ថបទដោយ : លោក លន សុភា.ពិនិត្យដោយសេក សាវេត

































