សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ផ្ទះថ្មីមួយខ្នង ជូនអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម ដែលមានជីវភាពលំបាកខ្វះខាត នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី៤១ ក្នុងក្រុងស្ទឹងសែន អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារអតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ចាន់ ពិសិដ្ឋ អាយុ ៦០ឆ្នាំ បានរៀបរាប់ថា៖ លោកធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៥ មានឋានន្តរសក្ដិ អនុសេនីយ៍ត្រី មានតួនាទីជាមេ​បញ្ជាការ​កងអនុសេនាធំទី១ នៅអង្គភាពវរសេនាតូចលេខ១ ចំណុះកងវរសេនាធំលេខ៧២ របស់​តំបន់​២​ ឈរជើងនៅវត្តឃ្លាំងខ្នួត ស្រុក​ស្ទោង​ ។ ហើយត្រូវបានរងរបួសដោយអំបែងគ្រាប់​បេ​ ៤០​ ត្រូវចង្កេះ និងជើង នៅឆ្នាំ ១៩៩០ ក្នុងសមរភូមិប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្រោយមកត្រូវបានក្រសួងការពារជាតិដាក់ចូលជាយោធិនពិការនៅឆ្នាំ១៩៩១ ។ លោកមានភរិយាឈ្មោះ ប៉ុន រៀង អាយុ ៤៩ឆ្នាំ មានកូន និងចៅៗ នៅក្នុងបន្ទុកចំនួន ៨នាក់ ហើយមានជីវភាពលំបាកខ្វះខាត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ៤១ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោក ចាន់ ពិសិដ្ឋ ​និង​ក្រុម​គ្រួសារ​ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ផង​ដែរ​ ។

លោក ចាន់ ពិសិដ្ឋ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្រាប់ឡើងផ្ទះថ្មី ជូនដល់ក្រុមគ្រួសារគាត់នៅពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។