កម្លាំងជំនាញចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅក្រុងស្ទឹងសែន រឹបអូស និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន ដើម្បីទប់ស្កាត់ការបំផ្លាញជម្រកត្រី 

(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន បានសហការជាមួយលោក សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងសង្កាត់កំពង់ក្របៅ សង្កាត់ស្រយ៉ូវ និងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅតំបន់បឹងវែង និងបឹងផ្អឹត ក្នុងក្រុងស្ទឹងសែន ដោយក្រុមការងារបានចុះពិនិត្យ និងរុះរើឧបករណ៍នេសាទខុសច្បាប់ ជាលទ្ធផលក្រុមការងារបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងប្រវែង១,៥០០ម៉ែត្រ ឡុកចំនួន១៥ឡុក លូស្បៃមុងចំនួន១៥មាត់ និងបង្គោលចំនួន ៩៥០ដើម។ ជាមួយគ្នានេះ ក្រុមការងារបានចាក់លែងកូនត្រីចម្រុះចំនួន ៨០គីឡូក្រាម ទៅក្នុងបឹងធម្មជាតិវិញ ដើម្បីរួមចំណែកការពារ និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋាន។

លោក យ៉េង យ៉ាន បានផ្សព្វផ្សាយដល់ប្រជានេសាទ ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងខេត្តកំពង់ធំ ដើម្បីរួមចំណែកការពារ និងអភិរក្សធនធានជលផល ព្រមទាំងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព អាជ្ញាធរជំនាញបានបន្តចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅតាមតំបន់ដែលមានសកម្មភាពនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ក្នុងប្រតិបត្តិការទប់ស្កាត់បទល្មើសនេសាទ ក្រុមការងារបានចុះពិនិត្យ និងរុះរើឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងបំផ្លាញចោលនៅនឹងកន្លែង ដើម្បីទប់ស្កាត់ការបំផ្លាញជម្រកត្រី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់។

ជាមួយគ្នានេះលោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមចូលរួមគោរព និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីជលផល មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ និងត្រូវចូលរួមការពារតំបន់អភិរក្ស ព្រមទាំងប្រភពធនធានជលផលនៅក្នុងមូលដ្ឋាន។ ការចូលរួមរបស់ប្រជានេសាទ និងប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាសំខាន់ក្នុងការរក្សាធនធានជលផលឱ្យមាននិរន្តរភាព សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។ អត្ថបទ សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន