
ឧត្តរមានជ័យ៖ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ក្រុមហ៊ុន Yeo’s Cambodia សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហព័ន្ធសហភាពយុវជនកម្ពុជា (សសយក) ខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាភេសជ្ជៈ ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងបំពេញភារកិច្ចនៅតំបន់ប្រាសាទតាមាន់ និងទិសអូរស្មាច់។
បេសកកម្មមនុស្សធម៌នេះ ដឹកនាំដោយ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុន Yeo’s Cambodia និង លោក កែ សួនសុភាព អភិបាលរង ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីក្រុមការងារក្រុមហ៊ុន និងសមាជិក សសយក ខេត្តបន្ទាយមានជ័យយ៉ាងច្រើនកុះករ។

អំណោយដែលបាននាំយកទៅឧបត្ថម្ភនាឱកាសនោះ រួមមាន៖
ផលិតផល Yeo’s ចម្រុះ៖ ៦,៣០០ កេស (ទឹកសណ្តែកស្ករតិច, ទឹកផាសិន, ទឹកតែក្រូចឆ្មារ និងទឹកគូលែន)
គ្រឿងឧបភោគបរិភោគផ្សេងៗពី Yeo’s៖ ទឹកដោះគោខាប់ ៤០ កេស, កាហ្វេកំប៉ុង ៤០ កេស, ម្សៅស៊ុបមាន់ ១០ កេស, ប្រេងខ្យង ១០ កេស និងទឹកសុទ្ធ ២០០ កេស
អំណោយបន្ថែមពីលោក កែ សួនសុភាព៖ អង្ករ ៥ តោន, ទឹកសុទ្ធ ១,៥០០ យួរ, ជ្រូក ៥ ក្បាល និងគោ ២ ក្បាល
លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងសម្តែងនូវការគោរព ដឹងគុណ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងធំធេងក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ លោកស្រីបានបន្តថា តាមរយៈបេសកកម្ម «រួមគ្នាដើម្បីសុខភាពកម្ពុជា» ក្រុមហ៊ុន Yeo’s តែងតែឈរនៅក្បែរប្រជាជន និងសហគមន៍កម្ពុជាគ្រប់កាលៈទេសៈ។
ជាការឆ្លើយតប នាយ និងពលទាហានជួរមុខនៅតំបន់ប្រាសាទតាមាន់ និងអូរស្មាច់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈប្រតិភូទាំងអស់។ កងទ័ពជួរមុខបានគូសបញ្ជាក់ថា ការឧបត្ថម្ភគាំទ្រនាពេលនេះ មិនត្រឹមតែជាការជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែគឺជា «កម្លាំងចិត្តដ៏មហាសាល» ដែលធ្វើឲ្យកងកម្លាំងទាំងអស់កាន់តែមានស្មារតីរឹងមាំ អង់អាចក្លាហាន និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបម្រើជាតិ និងការពារទឹកដីមាតុភូមិឲ្យបានគង់វង្ស៕ដោយ សួន ពិសិត


































