សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់លិខិតសរសើរ ជូនដល់ព្រះសង្ឃ និងសមាជិក សមាជិកា សាខាខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់លិខិតសរសើរ ប្រគេនព្រះសង្ឃ និងប្រគល់ជូនសមាជិក សមាជិកា ចំនួន ៣៨ អង្គ/នាក់ នៃសមាគម “សម្ព័ន្ធយុវជនដើម្បីសន្តិភាព” សាខាខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគម។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការ សាខាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញនេះ។

នៅក្នុងឱកាសនោះ លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ សព្វថ្ងៃរូបលោកបានរួមសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំងអស់ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។ លោកបានគូសបញ្ជាក់ថា កន្លងមក ក្រុមការងារបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្វែងរកការគាំទ្រ ការឧបត្ថម្ភ និងជំនួយផ្សេងៗ ជាថវិកា សម្ភារប្រើប្រាស់ ព្រមទាំងគ្រឿងឧបភោគបរិភោគពីសំណាក់សប្បុរសជនជិតឆ្ងាយ ដើម្បីយកមកចាត់ចែងជួយដល់ វីរកងទ័ព និង កងកម្លាំង ការពារជួរមុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និង ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងគាំទ្រដល់សកម្មភាពមនុស្សធម៌នានាក្នុងខេត្ត ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍។

ជាមួយគ្នានេះដែរ លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគម ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានសាខា ព្រះសង្ឃគ្រប់ព្រះអង្គ និងសមាជិក សមាជិកាទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងពេលវេលាដ៏មានតម្លៃ ដោយមិនខ្លាចនឿយហត់ ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការងារសង្គម និងសកម្មភាពមនុស្សធម៌។ លោកបានបន្ថែមថា ស្មារតីលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់សាខាខេត្តបន្ទាយមានជ័យ គឺជាគំរូមួយដ៏ល្អប្រសើរដែលស្តែងចេញពីទឹកចិត្តស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ។

ជាកិត្តិយសក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគម បានមានប្រសាសន៍សំណេះសំណាល និងបានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តមប្រធាន ជូនចំពោះអង្គពិធីទាំងមូល។

ឯកឧត្តមបណ្ឌិត ឌីម សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ប្រធានសាខា ព្រះសង្ឃ និងសមាជិក សមាជិកាទាំងអស់ ដែលបានរួមគ្នាយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការងារសមាគមឱ្យកាន់តែមានសក្ដានុពល។

ឯកឧត្តមរូបនេះ ក៏បានផ្តល់នូវការលើកទឹកចិត្តបន្ថែម ឱ្យបន្តរួមសាមគ្គីភាពគ្នាជាធ្លុងមួយ បន្តសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងថែរក្សាសន្តិភាព ព្រមទាំងជួយសម្រាលទុក្ខបុកម្នេញរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនឡើង។

ជាទីបញ្ចប់ នៃកម្មវិធី ក៏មានប្រារព្ធពិធីប្រគេន និងប្រគល់ជូនលិខិតសរសើរ ជូនដល់ព្រះសង្ឃ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យទាំង ៣៨ អង្គ/នាក់ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងមហាសាមគ្គីភាព៕ អត្ថបទដោយ បណ្ឌិត ឌីម សុខុន