
ខេត្តកោះកុង÷ រៀបចំពិធីបុណ្យខួបអនុស្សាវីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្ត្រដ៏មហានក្ខត្តឬក្សក្រៃលែងបំផុត ដែលស្ថាប័នព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុងយើងទាំងមូល មានសេចក្តីសោមនស្សរីករាយឥតឧបមា ចូលរួមប្រារព្ធពិធី«បុណ្យខួបអនុស្សាវីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦» ក្នុងគោលបំណងសម្តែងនូវមនោសញ្ចេតនា សប្បាយរីករាយក្រៃលែង ចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះទិវាជាប្រវត្តិសាស្ត្រនេះ។

សន្ធិសញ្ញាបារាំង-ខ្មែរ ឆ្នាំ១៨៦៣ ដែលដាក់ព្រះរាជាណាចក្រខ្មែរ ឱ្យស្ថិតនៅក្រោម អាណានិគមបារាំង ត្រូវបានទុកជាមោឃៈតាមផ្លូវច្បាប់ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ មកម៉្លេះ បន្ទាប់ពីការចុះហត្ថលេខា រវាងស្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ជារាជតំណាងព្រះមហា ក្សត្រខ្មែរ ជាមួយតំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង។ ចាប់ពីពេលនោះហើយ ដែលខ្មែរ យើងត្រូវបានទទួលស្គាល់ថា ជាប្រទេសមានឯករាជ្យឡើងវិញ ប៉ុន្តែដោយសារសាធារណរដ្ឋបារាំង ចេះតែពន្យារពេលក្នុងការផ្ទេរនូវអំណាចផ្សេងៗមកឱ្យកម្ពុជា ទើបព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យបង្កើតឡើងនូវចលនារាជបូនីយកិច្ចក្នុងឆ្នាំ១៩៥២ ដើម្បីទាមទារ ឯករាជ្យពេញលេញរបស់កម្ពុជា ដែលមានប្រជាជាតិទាំងមូល រួមទាំងព្រះសង្ឃផង និងប្រជារាស្ត្រ គ្រប់ស្រទាប់វណ្ណៈ បានគាំទ្រអបអរសាទរយ៉ាងខ្លាំងជាទីបំផុត និងចូលរួមយ៉ាងសកម្ម ជាមួយចលនា សីហនុនិយម។

អាស្រ័យដោយមានការគាំទ្រយ៉ាងពេញទំហឹង ទើបព្រះរាជបូជនីយកិច្ច របស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បានទទួលជោគជ័យពេញលេញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយពេលនោះ អគ្គបញ្ជាការ សេនាធិការ កងទ័ពជើងគោក កងទ័ពជើងអាកាស និងកងទ័ពជើងទឹករបស់បារាំង បានថ្វាយបង្គំលា ព្រះមហាក្សត្រកម្ពុជា និងចាកចេញដោយមិនវិលត្រឡប់មកកម្ពុជាវិញឡើយ។ ថ្ងៃនោះហើយ គឺជាថ្ងៃដែល ព្រះមហាក្សត្រ បានសម្រេចជាផ្លូវការផ្ញើសារ លិខិតជូន រដ្ឋាភិបាលបារាំង ដោយមានខ្លឹមសារថា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តទៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈខ្លួនជាប្រទេសឯករាជ្យពេញលេញ ឈប់ធ្វើជាសមាជិក នៃសហភាពបារាំងទៀតហើយ ហើយមានអធិបតេយ្យភាពពេញលេញលើគ្រប់វិស័យ រួមទាំងវិស័យ ការទូតទាំងឡាយផងដែរ។

ថ្ងៃនេះ យើងទាំងអស់គ្នាបានចូលរួមប្រារព្ធមិទ្ទិញមហាជនដើម្បីរំលឹកខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តម នៃព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានទាមទារ ដោយជោគជ័យ និងដោយអហិង្សានូវឯករាជ្យជាតិពេញបរិបូរណ៍ពីអាណានិគមនិយមបារាំងនៅ ឆ្នាំ១៩៥៣។ ទូលព្រះបង្គំ យើងខ្ញុំជាកូនចៅ ចៅទួតទូទាំងប្រទេសចងចាំជានិច្ចនូវព្រះគុណូបការៈ និងគំរូវីរភាពដ៏អង់អាចក្លាហានរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរម រតនកោដ្ឋ” ដែលព្រះអង្គ បានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ តស៊ូប្តូរផ្តាច់ដណ្តើមឯករាជ្យជូនជាតិមាតុភូមិ និងបានធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាឡើងវិញនៅក្នុង ឋានៈជាប្រជាជាតិឯករាជ្យ ដែលឈរស្មើមុខស្មើសិទ្ធិជាមួយជាតិសាសន៍ដទៃ។

ក្រៅពីឯករាជ្យ ភាព ឯកភាពផ្ទៃក្នុង ព្រះអង្គគឺជាតួអង្គដ៏សំខាន់ក្នុងការជំរុញសាមគ្គីភាពអន្តរជាតិរវាងប្រទេស ទើបទទួលបានឯករាជ្យថ្មីៗក្នុងនាមជាបិតាស្ថាបនិក នៃចលនាមិនចូលបក្សសម្ព័ន្ធ ដើម្បីលើកស្ទួយសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិលើពិភពលោក ក្នុងការកំណត់នូវជោគវាសនាអនាគត ក្នុងមាគ៌ាដឹកនាំរបស់ប្រជាជាតិនីមួយៗ។ ទូលព្រះបង្គំ យើងខ្ញុំជាកូនចៅ ចៅទួតក៏ពុំដែលភ្លេចឡើយ ចំពោះព្រះរាជវត្តមានដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គតែងតែគង់ប្រថាប់នៅក្បែរ និងបានដង្ហែថ្វាយ ការគាំទ្រដល់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ កាលព្រះអង្គគង់ព្រះជន្មនៅឡើយ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។














































