រដ្ឋអាជ្ញាបង់ក្លាដែស បញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រីលោកស្រី Hasina នឹងត្រូវប្រហារជីវិត បើហ៊ានត្រឡប់ចូលប្រទេសវិញ

(ដាក្កា)៖ រដ្ឋអាជ្ញាបង់ក្លាដែស ដែលធានាបាននូវការផ្តន្ទាទោសប្រហារជីវិតលើលោកស្រី Sheikh Hasina ដែលជាអតីតមេដឹកនាំត្រូវបានទម្លាក់ពីអំណាច បាននិយាយនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា លោកស្រីនឹងត្រូវប្រហារជីវិត ប្រសិនបើវិលត្រឡប់មកប្រទេសកំណើតវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋអាជ្ញា លោក Md Aminul Islam បានសង្កត់ធ្ងន់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «លោកស្រី Sheikh Hasina គ្មានជម្រើសអ្វីផ្សេងក្រៅតែពីត្រូវប្រឈមមុខនឹង ការប្រហារជីវិតតាមសាលក្រមរបស់តុលាការនោះទេ»។ លោកបានលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ថា លោកស្រីមានគម្រោងវិលត្រឡប់ពីការនិរទេសខ្លួនដោយស្ម័គ្រចិត្ត នៅប្រទេសឥណ្ឌា មកកាន់បង់ក្លាដែសវិញ នៅអំឡុងខែធ្នូខាងមុខ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់ប្រទេសបង់ក្លាដែស បានសម្រេចផ្តន្ទាទោសប្រហារជីវិតដោយកំបាំងមុខ លើលោកស្រី Hasina ពីបទបញ្ជាឱ្យមានការបង្ក្រាបដ៏សាហាវទៅលើចលនាបះបោរ ដឹកនាំដោយនិស្សិត៕ លោកស្រី បានធ្លាក់ពីអំណាច និងរត់ភៀសខ្លួនទៅឥណ្ឌា ក្រោយផ្ទុះការបះបោរយ៉ាងហិង្សានោះ កាលពីឆ្នាំ២០២៤៕