រថយន្តឈ្នួលឯកជនដឹកកូនសិស្សសាលាប៊ែលធីក្រឡាប់ចូលស្រះទឹកនៅឃុំព្រែកតាមាក់ បណ្តាលឲ្យស្លាប់៥នាក់ និងត្រូវបានជួយសង្គ្រោះ២១នាក់ តែរងរបួស២នាក់

(កណ្តាល)៖ កូនៗក្មួយៗសិស្សសាលាប៊ែលធីចំនួន២៦នាក់ ដែលធ្វើដំណើរតាមរយៈរថយន្ដឈ្នួលឯកជន (មិនមែនរថយន្តរបស់សាលា) បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបណ្តាលឲ្យស្លាប់៥នាក់ និងរបួស២នាក់។ នេះបើតាមការបញ្ជាក់របស់លោក លី ប៊ុនឆៃ អគ្គនាយករងសាលាប៊ែលធី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តដឹកសិស្សសាលានេះ មិនមែនជារថយន្តផ្ទាល់របស់សាលានោះឡើយ តែជារថយន្តឈ្នួលឯកជន ហើយត្រូវបានឪពុកម្តាយរបស់កូនសិស្សជួលដឹកកូនៗរបស់ពួកគាត់មករៀននៅសាលាប៊ែលធីសាខាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងពេលរថយន្តដឹកសិស្សគេចម៉ូតូ ហើយក៏ក្រឡាប់ចូលស្រះទឹកតែម្តង។

ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ច បានជួយសង្គ្រោះសិស្សសាលា តែជាអកុសលសិស្ស៥នាក់ មិនអាចជួយបាន បណ្តាលឲ្យស្លាប់ដោយសារឈ្លក់ទឹកបឹងគួរឲ្យអាណោចអធ័មណាស់។

អ្នកបើករថយន្ត ត្រូវកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសពសិស្សរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីគួរឲ្យអាសូរបំផុត។