រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់

(វ៉ាស៊ីនតោន)៖ សមាជិកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធាណរដ្ឋ លោក Thomas Massie និងជាអ្នករិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំម្នាក់ បានដាក់ចេញពីមាត្រាចំនួន៨ នៃនីតិវិធីចោទប្រកាន់ដកតំណែងប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈសម្ពាធលើរដ្ឋបាលលោក ត្រាំ ជុំវិញសង្រ្គាមអ៉ីរ៉ង់ កំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដំណោះស្រាយខាងលើស្នើឡើងដោយលោក Thomas Massie សមាជិកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធាណរដ្ឋក្នុងរដ្ឋ Kentucky បានចោទប្រកាន់លោក Hegseth ថាបានធ្វើសង្រ្គាមដោយខុសច្បាប់មិនមានការអនុញ្ញាតពីសភាអាមេរិក។ លោក Massie ក៏បានចោទប្រកាន់ផងដែរថាលោក Hegseth បានរំលោភអំណាចក្នុងនាមជាប្រមុខមន្ទីរបញ្ចកោណ។ លោក Massie កំពុងប្រើប្រាស់នីតិវិធីពិសេសមួយដែលអាចគេអាចនឹងបានឃើញសភាតំណាងរាស្ត្រអាមេរិក បោះឆ្នោតលើដំណោះស្រាយក្នុងពេល២ថ្ងៃខាងមុខ។

តែទោះជាបែបនេះក្ដី លោក ដូណាល់ ត្រាំ បានចេញមុខការពាររដ្ឋមន្ត្រីការពារជាតិរបស់លោក និងអះអាងថាលោក Hegseth ធ្វើការបានយ៉ាងល្អដោយជួយឱ្យសហរដ្ឋអាមេរិកឈ្នះក្នុងសង្រ្គាម២ គឺនៅវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់។ ចំណែក លោក Hegseth បាននិយាយថារូបលោក និងក្រុមការងាររបស់លោកមិនបានបារម្ភពីពាក្យចចាមអារ៉ាមប្រឆាំងនឹងរូបលោកនោះទេ។

គួរបញ្ជាក់ថា រដ្ឋសភា និងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកនឹងបន្តស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៧ ទើបគណបក្សប្រជាធិបតេយ្យឡើងមកគ្រប់គ្រងសភាទាំង២ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ការចោទប្រកាន់ដកតំណែងប្រឆាំងនឹងលោក Hegseth ទាមទារឱ្យមានសំឡេងភាគច្រើនធម្មតានៅក្នុងសភាតំណាងរាស្ត្រ ឬរដ្ឋសភា។ តែការដកតំណែងលោក Hegseth នឹងតម្រូវឱ្យមានសំឡេងគាំទ្រ ២ភាគ៣ នៅឯព្រឹទ្ធសភា ដែលនេះមានន័យថាបក្សប្រជាធិបតេយ្យត្រូវការការគាំទ្រពីសមាជិកតំណាងរាស្ត្របក្សសាធារណរដ្ឋ៕