ចិនពង្រីកបណ្តាញកំពង់ផែឆ្លាតវៃជុំវិញពិភពលោក ខណៈលោកខាងលិចបារម្ភពីហានិភ័យសន្តិសុខ

(បរទេស)៖ ប្រទេសចិនកំពុងពន្លឿនការអភិវឌ្ឍកំពង់ផែស្វ័យប្រវត្តិ (automated port) ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងវិស័យដឹកជញ្ជូនតាមសមុទ្រ ដែលមានចំណែកជាង ៨០% នៃបរិមាណទំនិញជួញដូរទូទាំងពិភពលោក។ នៅកំពង់ផែ Mawan ក្នុងទីក្រុង Shenzhen ចិនបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជា រថយន្តដឹកទំនិញគ្មានអ្នកបើកបរ រថយន្តស្ទូចបញ្ជាពីចម្ងាយ និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)។ យោងតាមក្រសួងដឹកជញ្ជូនចិន ប្រទេសនេះមានកំពង់ផែស្វ័យប្រវត្តិចំនួន ៦០ កន្លែង និងមានគោលដៅបង្កើនដល់ ៩០ កន្លែងនៅឆ្នាំ២០៣០។ ចំណែកកំពង់ផែ Qianwan ក្នុងទីក្រុង Qingdao អាចលើកដាក់ទំនិញបាន ៦១ កុងតឺន័រក្នុងមួយម៉ោង ដែលលឿនជាងពីរដងបើធៀបនឹងកំពង់ផែធម្មតា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រៅពីអភិវឌ្ឍក្នុងប្រទេស ចិនក៏កំពុងជំរុញការនាំចេញបច្ចេកវិទ្យាកំពង់ផែទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនក្នុងស្រុក ដូចជា Westwell និង Huawei។ រថយន្តដឹកទំនិញគ្មានអ្នកបើកបររបស់ក្រុមហ៊ុន Westwell ត្រូវបានដាក់ឱ្យប្រើប្រាស់នៅកំពង់ផែ Felixstowe ដែលជាកំពង់ផែកុងតឺន័រធំបំផុតរបស់ចក្រភពអង់គ្លេស។ ចាប់តាំងពីឆ្នាំ២០០០ មក ចិនបានផ្តល់ហិរញ្ញប្បទានប្រមាណ ៤,៨ ពាន់លានដុល្លារ សម្រាប់ឧបករណ៍កំពង់ផែនៅទីតាំងចំនួន ៦៩ ក្នុងប្រទេសចំនួន ៤៧ ហើយបានចំណាយ ១៥,៥ ពាន់លានដុល្លារបន្ថែមទៀតលើការសាងសង់កំពង់ផែ ឬទិញភាគហ៊ុននៅក្នុងកំពង់ផែបរទេស។ ប៉ុន្តែការពង្រីកឥទ្ធិពលនេះបានបង្កការព្រួយបារម្ភដល់ប្រទេសលោកខាងលិច ដែលខ្លាចថា បច្ចេកវិទ្យាចិនអាចត្រូវបានប្រើសម្រាប់ប្រមូលព័ត៌មានសម្ងាត់ ដាក់សម្ពាធសេដ្ឋកិច្ច ឬរំខានដល់ការដឹកជញ្ជូនពាណិជ្ជកម្មក្នុងពេលមានវិបត្តិ។

ទន្ទឹមនឹងនេះ ការនាំចេញប្រព័ន្ធកម្មវិធីគ្រប់គ្រងកំពង់ផែរបស់ចិនទៅក្រៅប្រទេសនៅតែប្រឈមនឹងបញ្ហា បន្ទាប់ពីវេទិកាទិន្នន័យដឹកជញ្ជូន LOGINK ដែលគាំទ្រដោយរដ្ឋាភិបាលចិនបានដួលរលំ។ កន្លងមក សហរដ្ឋអាមេរិកធ្លាប់បារម្ភថា វេទិកានេះអាចត្រូវបានប្រើដើម្បីតាមដានការដឹកជញ្ជូនទំនិញដែលមានភាពរសើប។ ទោះជាយ៉ាងណា ក្រុមហ៊ុនរដ្ឋ China Merchants Port កំពុងពង្រីកប្រព័ន្ធកម្មវិធីគ្រប់គ្រងប្រតិបត្តិការកំពង់ផែដែលខ្លួនបានអភិវឌ្ឍ ទៅកាន់ប្រទេសប្រេស៊ីល ស្រីលង្កា ក្រិក អ៊ីតាលី និងតួកគី។ លោក Wolfgang Lehmacher អ្នកប្រឹក្សាយោបល់ និងជាអតីតប្រធានផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា៖ «ពួកគេវិនិយោគនៅទីនេះ សាកល្បងគម្រោងនៅទីនោះ ប៉ុន្តែពួកគេមានធនធាន និងសមត្ថភាពខ្លាំង រហូតអាចភ្ជាប់គម្រោងទាំងនោះឱ្យក្លាយជាបណ្តាញមួយ ហើយបណ្តាញនោះនឹងក្លាយជាប្រព័ន្ធគ្រប់គ្រងក្រោមឥទ្ធិពលរបស់ចិន។ អ្វីដែលខ្ញុំចង់និយាយ គឺការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់»។

ចំណែកលោក Isaac Kardon អ្នកជំនាញផ្នែកយុទ្ធសាស្ត្រដែនសមុទ្រចិន បានព្រមានថា៖ «ការពឹងផ្អែកលើបច្ចេកវិទ្យាចិន គឺជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់យុទ្ធសាស្ត្រ»។ លោកយល់ថា ចិនអាចទទួលបានឥទ្ធិពលផ្តាច់មុខលើបច្ចេកវិទ្យាថ្មីៗ ហើយអាចប្រើប្រាស់ឥទ្ធិពលនោះជាឧបករណ៍ដាក់សម្ពាធលើប្រទេសដទៃ៕