(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថារូបលោកមានផែនការផ្អាកការវាយប្រហារសាជាថ្មីប្រឆាំងនឹងអ៉ីរ៉ង់ តបតាមការអំពាវនាវពីមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីកាតា ក្នុងកិច្ចពិភាក្សាមួយនៅសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ក៏បានបញ្ជាក់ដែរថាលោកមានគម្រោងបន្តរក្សាការអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់អ៉ីរ៉ង់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ ដោយឡែក នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោកប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចជាមួយបរិក្ខារយោធាល្អដាច់គេនៅលើពិភពលោក សម្រាប់បើកការវាយប្រហារលើអ៉ីរ៉ង់ ប៉ុន្តែបច្ចុប្បន្នលោកថាមិនទាន់ចាំបាច់ត្រូវប្រើប្រាស់កម្លាំងយោធាសាជាថ្មីនៅឡើយទេ។
តាមលោក ត្រាំ រូបលោកផ្ទាល់បានសម្រេចចិត្តផ្អាកការវាយប្រហារប្រឆាំងនឹងអ៉ីរ៉ង់តបតាមសំណើរបស់មេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់ដូចជាកាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន កូវ៉ែត និងបណ្ដាប្រទេសជាច្រើនផ្សេងទៀតដែលមិនចង់ឱ្យសហរដ្ឋអាមេរិកបើកការវាយប្រហារសាជាថ្មី។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីបានជួបនាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al-Thani ដែលជាអ្នកសម្របសម្រួលដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងការទូតដើម្បីបិទបញ្ចប់សង្រ្គាមបានបង្កើនល្បឿន ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន៕





























