ក្រុមចម្រុះរបស់អារ៉ាប៊ីសាអូឌីតកម្ទេចមីស៊ីល ២គ្រាប់បាញ់ចេញដោយហ៊ូទី តម្រង់ទីក្រុងរីយ៉ាដ

​(Reuters)៖ ក្រុមចម្រុះដឹកនាំអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបាញ់ស្ទាក់បំផ្លាញមីស៊ីល ២គ្រាប់ដែលត្រូវបានបាញ់ចេញដោយក្រុមឧទ្ទាមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែនតម្រង់ទៅកាន់ទីក្រុងរីយ៉ាដ នៅចំពោះមុខការកើនឡើងជម្លោះជាច្រើនសប្ដាហ៍មកនេះរវាងមហាសេដ្ឋីប្រេង និងកូនចៅរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ក្រុមចម្រុះអារ៉ាប៊ីសាអូឌីតបានឱ្យដឹងទៀតថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់កម្ទេចមីស៊ីលបាលិស្ទីគមួយគ្រាប់ និងមីស៊ីលគ្រូសមួយគ្រាប់ ដែលត្រូវបានបាញ់ឆ្ពោះទៅកាន់ទីក្រុងរីយ៉ាដ។ ព្រមពេលជាមួយគ្នា អាជ្ញាធរការពារជនស៊ីវិលរបស់អារ៉ាប៊ីសាអូឌីតក៏បានចេញប្រកាសអាសន្នផងដែរសម្រាប់ទីក្រុងរីយ៉ាដ មុនពេលក្រុមចម្រុះបានប្រកាសពីការបាញ់ស្ទាក់កម្ទេចមីស៊ីលរបស់ក្រុមហ៊ូទី។

ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ក្រុមចម្រុះដឹកនាំអារ៉ាប៊ីសាអូឌីតក៏បានបញ្ជាក់ពីការបាញ់ស្ទាក់បំផ្លាញមីស៊ីលបាលិស្ទីគមួយគ្រាប់បាញ់ចេញដោយក្រុមហ៊ូទីឆ្ពោះទៅកាន់ ភាគខាងត្បូងរបស់អារ៉ាប៊ីសាអូឌីតផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ូទីមានអ៉ីរ៉ង់ជាខ្នងបង្អែក បានបង្កើនការវាយប្រហារលើអាកាសយានដ្ឋាន កំពង់ផែ និងរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត ហើយអារ៉ាប៊ីសាអូឌីតវិញបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងទីតាំងរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន៕