ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាពលទាហានទី៤ នៃយោធភូមិភាគទី៤

(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាពលទាហានទី៤ នៃយោធភូមិភាគទី៤ ដោយមានការចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តទាំង៤ មេបញ្ជាការ បញ្ជាការង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងយោធាចារ្យ កម្មសិក្សាការីយោធិនកាតព្វកិច្វ ចំនួន ៦២០នាក់។

ក្នុងកិច្ចស្វាគមន៍របស់លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភុមិភាគទី៤ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏វៀងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី វិស័យការពារជាតិ ត្រូវបានលើកកម្ពស់មួយកម្រិត ដើមី្បធានាការពារឲ្យបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងភាព សុខក្សាន្តរបស់ប្រជាពលរដ្ឋ និងធានាភាពរឹងមាំ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ការបង្កើនកម្លាំង កម្លាំងទ័ពបម្រុង ដោយបំប៉នជីវភាព បំពាក់មធ្យោបាយ សម្ភារៈទំនើប និង ទំនើបកម្មហ្វឹកហ្វឺនគ្រប់ជំនាញ កម្រិតគ្រប់ប្រភេទ ដើមី្បឲ្យកងទ័ពកាន់មានការរីកចម្រើន រឹងមាំ ខ្លាំងក្លាទាំអស្មារតី សម្ភារៈ ធាននូវគុណភាព សមត្ថភាព ក្នុងការបំពេញភារកិច្ចការពារជាតិ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការលើកទឹកចិត្តដល់ស្មារតីទទួលខុសត្រូវ ចំពោះជាតិ និងប្រជាពលរដ្ឋរបស់យុវជនកម្ពុជាទាំងអស់ ដែលបានស្ម័គ្រចិត្តចុះឈ្មោះ បំពេញកាតព្វកិច្ចយោធា។ ស្មារតីនេះ នឹងបន្តស្ថិតនៅរឹងមាំ ដើម្បីមានធនធានពិតប្រាកដ មានសមត្ថភាពក្នុងការបំពេញ បេសកកម្ម ការពារជាតិនៅពេលខាងមុខ ប្រសិនបើមានបញ្ហាអវិជ្ជមានកើតឡើងចំពោះជាតិសារជាថ្មី។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា នេះជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា គឺការប្រកាសចាប់ផ្តើមនូវវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាជំនាន់ទី១ ក្រោយពេលដែលច្បាប់កាតព្វកិច្ចយោធាត្រូវបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ។ ម៉្យាងទៀត ជាថ្ងៃចាប់ផ្តើមនៃការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ដែលបានស្ម័គ្រចិត្ត ក៏ជាថ្ងៃប្រវត្តិសាស្ត្រមួយផងដែរ។ ព្រឹត្តិការណ៍នេះ គួរតែចារឹកទុកនៅក្នុងក្រាំងប្រវត្តិសាស្ត្រ ហើយក៏ជាពេលវេលាដែលយើងត្រូវតែគិត និងបន្តចូលរួមដើម្បីលើកកម្ពស់ខឿនការពារជាតិ និងលើកកម្ពស់សមត្ថភាពយោធា។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា ក្នុងរយៈពេល៩០ថ្ងៃនេះ ដែលប្អូនៗបានធ្វើការហ្វឹកហ្វឺន ប្អូនៗនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ ពីគ្រូយោធាចារ្យ គ្រូបង្វឹកផងដែរ។ នៅក្នុងអំឡុងពេលកំណត់ ២ឆ្នាំ នៃកម្មវិធី សូមប្អូនៗខិតខំប្រឹងប្រែងក្នុងការក្រេបជញ្ជក់យកចំណេះដឹង និងជំនាញនានាដែលរដ្ឋាភិបាលបានបំពាក់ និងផ្តល់ជូន ដើម្បីជាទុនសម្រាប់បម្រើសេចក្តីត្រូវការ ជាគុណតម្លៃសម្រាប់បំណិនជីវិតរបស់យើងនៅក្នុងសង្គមផង និងជាការកសាងសមត្ថភាពក្នុងការការពារជាតិ និងមាតុភូមិរបស់យើងផងដែរ។

នាយឧត្តមសេនីយ៍ បន្ថែមថា ការដាក់អនុវត្តនូវកាតព្វកិច្ចយោធាជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាង មូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់បញ្ញាស្មារតីរបស់យុវជន ដែលជាប្រភពធនធានមនុស្សមិនចេះរីងស្ងួតឲ្យស្រឡាញ់ជាតិមាតុភូមិ គោរពច្បាប់ មានវិន័យ និងត្រៀមខ្លួនចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។

នាយឧត្តមសេនីយ៍ សង្ឃឹមថា យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺន នឹងទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងខ្លួនឯង គោរពពេលវេលា ដោះស្រាយបញ្ហាជាក់ស្ដែង ចេះរួមរស់ជាមួយអ្នកដទៃប្រកបដោយភាតរភាព និងភាពជាអ្នកដឹកនាំ ដែលយុវជនទាំងនេះនឹងក្លាយជាខឿនការពារជាតិដ៏រឹងមាំបំផុត។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានដាក់នូវប្រធានបទមួយ សម្រាប់សាលាពលទាហានទាំងអស់ បង្កើតនូវកម្មវិធីកីឡាកងទ័ព ក្នុងការប្រកួតប្រជែង នូវកីឡានាំ មកនូវអត្ថប្រយោជន៍ ដល់វិស័យកងទ័ព ប្រកបដោយគុណភាពខ្ពស់ ដល់ពលទាហាន។ នេះជាវគ្គដំបូង ក្រោយពីឆ្លងកាត់វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ រយៈពេល៣ខែ នឹងត្រូវបន្តវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី២ទៀត។

ក្នុងឱកាសនោះដែរ តំណាងកម្មសិក្សាការីឡើងធ្វើការប្តេជ្ញាចិត្តអស់ពីកម្លាំងកាយ ស្មារតី ក្នុងការយកចិត្តទុកដាក់ហាត់ពត់ដំរៀនសូត្រទាំងទ្រឹស្តី ការអនុវត្តន៍ក្នុងទីលានហ្វឹកហាត់ ដើម្បីបង្កើនសម្ថិភាព យល់ដឹង បណ្តាមុខវិជ្ជាយោធា សម្រាប់បំពេញភារកិច្ចការពារជាតិមាតុភូមិឲ្យបានដាច់ខាត៕