កូរ៉េខាងជើង​ រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាកូរ៉េខាងជើងមានការសោកស្តាយ ចំពោះការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដែលជំរុញឱ្យកូរ៉េទាំងពីរសម្រាលភាពតានតឹងតាមរយៈកិច្ចសន្ទនា ក្រោយពីមានហេតុការណ៍ផ្ទុះមីននៅតំបន់ព្រំដែនកាលពីខែកញ្ញា ដោយចោទថាលោកលំអៀងទៅខាងកូរ៉ខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យ UN លោក Stephane Dujarric បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Antonio Guterres បានជំរុញឱ្យកូរ៉េទាំងពីរ ចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ រួមទាំងកិច្ចសន្ទនាកម្រិតយោធាដើម្បីចៀសវាងហេតុការណ៍ដោយអចេតនា។ តារយៈ KCNA លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លើកឡើងថា «អាកប្បកិរិយារបស់អគ្គលេខាធិការ UN ដែលបានលើកយកពាក្យសម្តីរបស់អ្នកបង្កហេតុមកនិយាយតាម និងបានផ្តល់ការគាំទ្រដល់ពួកគេ ដោយមិនបានដឹងច្បាស់អំពីការពិតនោះ គឺមិនបានជួយអ្វីដល់ការបន្ធូរបន្ថយភាពតានតឹងឡើយ»។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានកើតមាន ក្រោយហេតុការណ៍ផ្ទុះមីននៅក្នុងតំបន់ព្រំដែនអន្តរកូរ៉េ (DMZ) កាលពីខែកញ្ញា ដែលបានបណ្តាលឱ្យទាហានកូរ៉េខាងត្បូងមួយចំនួនរងរបួសធ្ងន់ធ្ងរ ខណៈពួកគេកំពុងបំពេញបេសកកម្មឈ្លបយកការណ៍។ ទីក្រុងសេអ៊ូលបានលើកឡើងថា ការផ្ទុះនេះបង្កឡើងដោយមីនរបស់កូរ៉េខាងជើង៕