(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរាំងខ្ទប់កិច្ចប្រឹងប្រែងមួយដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ជុំវិញសង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សមាជិកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធាណរដ្ឋ លោក Thomas Massie និងជាអ្នករិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំម្នាក់ បានដាក់ចេញពីមាត្រាចំនួន៨ នៃនីតិវិធីចោទប្រកាន់ដកតំណែងប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈសម្ពាធលើរដ្ឋបាលលោក ត្រាំ ជុំវិញសង្រ្គាមអ៉ីរ៉ង់កំពុងកើនឡើង។
ដំណោះស្រាយខាងលើស្នើឡើងដោយលោក Thomas Massie សមាជិកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធាណរដ្ឋក្នុងរដ្ឋ Kentucky បានចោទប្រកាន់លោក Hegseth ថាបានធ្វើសង្រ្គាមដោយខុសច្បាប់មិនមានការអនុញ្ញាតពីសភាអាមេរិក។ លោក Massie ក៏បានចោទប្រកាន់ផងដែរថាលោក Hegseth បានរំលោភអំណាចក្នុងនាមជាប្រមុខមន្ទីរបញ្ចកោណ។
ប៉ុន្តែសភាតំណាងរាស្ត្រសព្វថ្ងៃស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតក្នុងសំឡេង ២១១ ទល់នឹង២០៤ សំឡេង ដើម្បីបញ្ជូនដំណោះស្រាយចោទប្រកាន់ដកតំណែងទៅឱ្យគណៈកម្មាធិការយុត្តិធម៌នៃសភាតំណាងរាស្ត្រអាមេរិកពិនិត្យបន្ត។ ការធ្វើបែបនេះមានន័យថាគម្រោងដំណើរការបោះឆ្នោតមួយនៅថ្ងៃពុធសប្ដាហ៍នេះថាតើត្រូវដំណើរការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងលោក Pete Hegseth ដែរឬក៏យ៉ាងណាត្រូវបានបញ្ឈប់។
គួរបញ្ជាក់ថា រដ្ឋសភា និងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកនឹងបន្តស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៧ ទើបគណបក្សប្រជាធិបតេយ្យឡើងមកគ្រប់គ្រងសភាទាំង២ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ការចោទប្រកាន់ដកតំណែងប្រឆាំងនឹងលោក Hegseth ទាមទារឱ្យមានសំឡេងភាគច្រើនធម្មតានៅក្នុងសភាតំណាងរាស្ត្រ ឬរដ្ឋសភា។ តែការដកតំណែងលោក Hegseth នឹងតម្រូវឱ្យមានសំឡេងគាំទ្រ ២ភាគ៣ នៅឯព្រឹទ្ធសភា ដែលនេះមានន័យថាបក្សប្រជាធិបតេយ្យត្រូវការការគាំទ្រពីសមាជិកតំណាងរាស្ត្របក្សសាធារណរដ្ឋ។
ដូច្នេះគេប្រហែលជាត្រូវរង់ចាំមើលរហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំក្រោយ ជាពេលដែលគណបក្សប្រជាធិបតេយ្យឡើងគ្រប់គ្រងសភាទាំង២ របស់សហរដ្ឋអាមេរិក ហើយក៏ជាពេលដែលគេរំពឹងថាបក្សប្រជាធិបតេយ្យអាចនឹងព្យាយាមដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រឆាំង នឹងលោក ត្រាំ ឬក៏លោក Hegseth សាជាថ្មី៕






























