(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានលើកឡើងតាមរយៈបណ្ដាញសង្គម CoolApp ដោយបានក្រើនរំលឹក និងទាញចំណាប់អារម្មណ៍សាធារណជន ក៏ដូចជាអាជ្ញាធរអនុវត្តច្បាប់ អំពីសារៈសំខាន់នៃការដោះស្រាយបញ្ហា និងការពង្រឹងការអនុវត្តច្បាប់តាំងពីដំណាក់កាលដំបូង ដោយលោកបានប្រដូចថា «ភ្នក់ភ្លើងធំមួយឆេះបាន ក៏ផ្តើមចេញពីអង្កាច់ភ្លើងតូចមួយដែលយើងមិនព្រមពន្លត់ ហើយបញ្ហាធំកើតឡើង ក៏ដោយសារតែយើងមើលងាយបញ្ហាតូចតាច និងមិនព្រមដោះស្រាយតាំងពីដំបូង»។

លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា ការបណ្តែតបណ្តោយ ឬមើលស្រាលលើច្បាប់ដែលមានកម្រិតទណ្ឌកម្មស្រាលៗ ដោយមិនយកចិត្តទុកដាក់អនុវត្ត និងដោះស្រាយបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា ជាពិសេសការបំពានច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើសម្តីជេរប្រមាថ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលជាដើមនោះ គឺជាការលើកទឹកចិត្តដោយប្រយោលឱ្យក្រុមល្មើសបន្តចរិតទំនើង មិនកោតញញើតច្បាប់។
លោកបានសង្កត់ធ្ងន់ថា ភាពអសកម្មបែបនេះ នឹងជំរុញឱ្យពួកគេកាន់តែផ្គើន និងអាចឈានទៅដល់ការប្រព្រឹត្តបទឧក្រិដ្ឋកម្មធំៗយ៉ាងគ្រោះថ្នាក់នៅថ្ងៃខាងមុខ។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ ក៏បានលើកជាគំរូនៃបណ្តាប្រទេសជឿនលឿនទាំងតូចទាំងធំលើពិភពលោក ដូចជា ប្រទេសសិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា ជាដើម ដែលប្រទេសទាំងនោះអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះជនដែលបើកបរល្មើសច្បាប់ចរាចរណ៍ ក៏ដូចជាជនដែលប្រើប្រាស់ពាក្យសម្ដីអាសអាភាស ជេរប្រមាថ និងមើលងាយអ្នកដទៃជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។
លោកបានបន្ថែមថា នៅតាមបណ្តាប្រទេសជឿនលឿនទាំងនោះ បទល្មើសទាំងនេះត្រូវរងនូវការអនុវត្តទោសឃាត់ខ្លួន ឬជាប់ពន្ធនាគារចាប់ពី ៤៨ ម៉ោងឡើងទៅ ព្រមទាំងរងការពិន័យជាប្រាក់ចូលរដ្ឋ និងតម្រូវឱ្យផ្តល់សំណងជំងឺចិត្តដល់បុគ្គលរងគ្រោះយ៉ាងម៉ឺងម៉ាត់បំផុត ដែលជាគន្លឹះក្នុងការរក្សាសណ្តាប់ធ្នាប់ និងសុខសន្តិភាពសង្គមប្រកបដោយចីរភាព៕































