(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថារូបលោកបានប្រាប់សម្ព័ន្ធមិត្ត G7 ថាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការបិទខ្ទប់កំពង់ផែប្រឆាំងនឹងអ៉ីរ៉ង់កំពុងដំណើការទៅមុខយ៉ាងល្អប្រសើរ ដូច្នេះលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនចាំបាច់បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងតេហេរ៉ង់នោះទេ ក្នុងពេលឥលូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោកប្រមុខការទូតអាមេរិកធ្វើឡើងនៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉ារីស ២ថ្ងៃបន្ទាប់ពីកិច្ចប្រជុំ G7។ លោក Rubio ក៏បានច្រានចោលផងដែរចំពោះការលើកឡើងថាសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងស្ថានភាពជាប់គាំងក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ ខណៈទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងបង្កការខូចខាតយ៉ាងខ្លាំងដល់អ៉ីរ៉ង់។ លោក Marco Rubio បានគូសបញ្ជាក់ដូច្នេះថា «យើងមិនចាំបាច់ធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំនោះទេ ស្របពេលដែលយើងកំពុងសម្រេចបាននូវកម្មវត្ថុដូចគ្នាតាមរយៈការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធសេដ្ឋកិច្ច»។
លោកបន្ថែមថានេះមិនមែនជាស្ថានភាពជាប់គាំងនោះទេ ហើយឥលូវអ៉ីរ៉ង់កំពុងប្រឈមមុខនឹងស្ថានភាពមួយដែលពួកគេមិនធ្លាប់ជួបប្រទះ នោះគឺពួកគេគ្មានសមត្ថភាពលក់ប្រេងទៅកាន់ទីផ្សារពិភពលោក។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏បាននិយាយដែរថារូបលោកបានសម្រេចចិត្តផ្អាកការវាយប្រហារសាជាថ្មីប្រឆាំងនឹងអ៉ីរ៉ង់ តបតាមការអំពាវនាវពីបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដែលចង់ឃើញសន្តិភាព និងការបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់៕































