ភ្នំពេញ ៖ សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៊ិនធើខន) ត្រូវបានរៀបចំជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលដែលអាចទទួលអ្នកជំងឺបរិមាណជាង ៥០០នាក់ ខណៈការឆ្លងរាលដាលក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» បានរកឃើញរៀងរាល់ថ្ងៃ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែមីនា នេះបានឱ្យដឹងថា ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះ ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដោយផ្អែកតាមស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន នាពេលបច្ចុប្បន្ន និងដើម្បីរៀបចំទីតាំងឱ្យបានសមស្រប ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលទ្រង់ទ្រាយធំ។
ក្រសួង បញ្ជាក់ថា «ការធ្វើដូច្នេះ ដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស សម្ភារបរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន សម្រាប់ជួយសង្គ្រោះ អាយុជីវិតមនុស្សឱ្យបានទាន់ពេ+លវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍»។
ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របទៅតាមស្ថានភាពចាំបាច់ រាជរដ្ឋាភិបាលក៏ដូចជាគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់វិធានការឆ្លើយតបភាពចាំបាច់នានា រួមទាំងការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កផងដែរ។ ចំពោះអគារ និងបរិវេណនៃសណ្ឋាគារខាងលើ ក៏នឹងត្រូវរៀបចំឱ្យអនុវត្តនូវវិធានការគ្រប់គ្រងយ៉ាងហ្មត់ចត់ ទាំងផ្នែកសុខាភិបាល និងសន្តិសុខសណ្ដាប់ធ្នាប់យ៉ាងតឹងរ៉ឹងបំផុត សំដៅធានាទប់ស្កាត់នូវការឆ្លង និងហានិភ័យនៃជំងឺនេះ ឆ្លងមកខាងក្រៅបរិវេណអគារនៃសណ្ឋាគារ។
ក្រសួងក៏ជម្រាបជូនដល់សាធារណជនទូទៅ ពិសេសប្រជាពលរដ្ឋ និងបងប្អូនពាណិជ្ជករ អាជីវករទាំងអស់ដែលរស់នៅនិងកំពុងប្រកបរបរផ្សេងៗនៅជាប់ និងក្បែរទីតាំងសណ្ឋាគារនេះថា វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមដំណក់ទឹកតូចៗ ដែលចេញពីផ្លូវដង្ហើមរបស់អ្នកផ្ទុកវីរុស។ រហូតមកដល់ពេលបច្ចុប្បន្នមិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា វីរុសនេះ ឆ្លងតាមខ្យល់អាកាសនៅក្នុងទីលំហឡើយ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់កុំមានការភ័យខ្លាច និងសូមបន្តរក្សាភាពនឹងនរក្នុងចិត្ត និងជឿទុកចិត្តលើវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕
































