អ្នកស្លាប់ដោយសារកូវីដ-១៩ត្រូវបូជា មិនអនុញ្ញាតឱ្យយកទៅបញ្ចុះទេ

ភ្នំពេញ ៖ ករណីមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រូវយកទៅបូជាជាដាច់ខាត មិនអនុញ្ញាតឲ្យយកទៅកប់នោះទេ ទោះបីទំនៀមទម្លាប់ជនជាតិខ្លះ តម្រូវឲ្យកប់ក៏ដោយ។ ការបញ្ជាក់របស់សម្តេចតេជោ នៅពេលនេះ ធ្វើឡើងតាមរយៈសារជាសំឡេងផ្ញើទៅកាន់មន្ត្រីពាក់ព័ន្ធក្រោមឱវាទ នៅរសៀលថ្ងៃទី៩ ខែមីនា នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាថ្មីបែបនេះ ដោយសារសភាពការណ៏កូវីដ-១៩ ដើរដល់ចំណុចមួយ គួរឲ្យព្រួយបារម្ភ ។ សម្តេចតេជោ បន្តថា ជនជាតិម្នាក់ដែលបានស្លាប់ ដោយមានផ្ទុកកូវីដ-១៩ ក៏ត្រូវបានយកទៅបូជា ផងដែរ ដើម្បីកុំឲ្យឆ្លងរីករាលដាលបន្ត។ មកដល់ពេលនេះ សាលារាជធានីភ្នំពេញ បានរៀបចំសាងសង់ឈាបនដ្ឋាន ដើម្បីបង្ការក្រែងមានអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេច បានបញ្ជាឲ្យអាជ្ញាធរខេត្តនីមួយ ត្រូវ រៀបចំកន្លែងទីបច្ឆាឲ្យបានសមរម្យសម្រាប់បូជាសព ហើយត្រូវធ្វើឲ្យនៅឆ្ងាយ ពីលំនៅដ្ឋានប្រជាពលរដ្ឋ។

សម្តេចតេជោ បានបញ្ជាទៅក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ឲ្យរៀបចំ អនុក្រិតថ្មីបន្ថែមទៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវផ្សេងទៀត ពីការបូជាសព នៃអ្នកជំងឺកូវីដ-១៩ ដោយកំណត់ពីចំនួន មនុស្សនៃការចូលរួមក្នុងពិធីបូជា។ គិតមកដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៏ ២០ កុម្ភៈ បានកើនឡើងជិត៦០០នាក់ ក្នុងរយៈពេលត្រឹមតែ២សប្តាហ៏ប៉ុណ្ណោះ៕