មនុស្សយ៉ាងតិច៤៥នាក់បានស្លាប់បន្ទាប់ពីយន្តហោះយោធាមួយដែលដឹកទាហានទៅប្រយុទ្ធនឹងពួកជ្រុលនិយមអ៊ីស្លាមនៅហ្វីលីពីនខាងត្បូង បានធ្លាក់កាលពីថ្ងៃអាទិត្យទី៤កក្កដា នៅក្នុងខេត្តស៊ូលូភាគខាងត្បូង ។
ក្រុមការងាររួមរបស់យោធាខេត្តស៊ូលូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស៤៩នាក់ទៀតត្រូវបានជួយសង្គ្រោះ តែនៅបាត់ខ្លួន៥នាក់។មនុស្ស៣នាក់នៅលើដី ក៏ស្ថិតចំណោមអ្នកបាត់បង់ជីវិត ដោយសារយន្តហោះធ្លាក់ចំ។
ឧត្តមសេនីយ៍ ស៊ីរីលីតូ សូបេចាណា ប្រយុខយោធាហ្វីលីពីន បាននិយាយថា យន្តហោះដឹកជញ្ជូនHercules C-130បានធ្លាក់នៅម៉ោងប្រមាណ១១កន្លះព្រឹក នៅពេលវាព្យាយាមចុះចតនៅលើផ្លូវតូចមួយនៅទីប្រជុំជនប៉ាទីគុលក្នុងខេត្តស៊ូលូ។«វាចុះខុសផ្លូវក្នុងពេលព្យាយាមរោទិ៍ម៉ាស៊ីនដើម្បីងើបឡើងវិញ»។
ចំណែករដ្ឋមន្ត្រីការពារជាតិលោក ឡូរេនហ្សាណា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ពេលធ្លាក់យន្តហោះបានកំពុងដឹកមនុស្ស៩២នាក់ រួមមានអ្នកបើក៣នាក់ និងសមាជិកនាវិក៥នាក់ ។
រូបភាពបង្ហោះក្នុងបណ្តាញសង្គមបង្ហាញយន្តហោះត្រូវភ្លើងឆេះនិងហុយចេញផ្សែងក្នុងពេលវាធ្លាក់ចំភូមិអ្នកស្រុក ដែលនាំអោយស្លាប់អ្នកនៅលើដី៣នាក់ទៀត។
យន្តហោះនេះចេញដំណើរពីក្រុងម៉ានីលដោយដឹកទាហានមួយចំនួននិងបានចុះនៅទីក្រុងមួយដើម្បីដឹកទាហានទើបហ្វឹកហាត់រួចទៅឈរឈើងនៅសមរភូមិភាគខាងត្បូងដើម្បីប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធ។យោធាហ្វីលីពីន មានវត្តមានយ៉ាងក្រាស់ក្រែលនៅភាគខាងត្បូងប្រទេស កន្លែងដែលក្រុមសកម្មប្រយុទ្ធ រួមទាំងក្រុមចាប់ជំរិត អាប៊ូសាយយ៉ាហ្វ ធ្វើសកម្មភាព។
បុគ្គលិកជួយសង្គ្រោះបានទៅដល់នៅពេលផ្សែងហុយចេញពីខ្មោចយន្តហោះយោធាដែលបានធ្លាក់ចូលភូមិជិតទីប្រជុំជនប៉ាទីគុល ក្នុងខេត្តស៊ូលូ លើកោះមីនដាណាវយន្តហោះដែលធ្លាក់កាលពីថ្ងៃអាទិត្យក៏ដឹករថយន្តយោធា៥គ្រឿងផងដែរ។
អ្នកនាំពាក្យយោធាបាននិយាយថា យោធាច្រានចោលលទ្ធភាពដែលថា យន្តហោះត្រូវបានបាញ់ពេលចុះចត។លោកថា «យើងច្រានចោលការវាយប្រហារណាមួយ…អ្វីដែលយើងដឹងគឺថា វាមានបញ្ហាពេលចុះចត។មានការព្យាយាមរោទិ៍ម៉ាស៊ីនអោយយន្តហោះឡើងវិញ តែវាអស់ថាមពល»។
យន្តហោះផលិតនៅអាម៉េរិក C-130 Herculesត្រូវបានយោធានៅពាសពេញពិភពលោកប្រើនិងពេលខ្លះប្រើវារាប់ទសវត្សរ៍ តែយន្តហោះដែលធ្លាក់នេះអាម៉េរិកទើបប្រគល់អោយហ្វីលីពីនកាលពីខែមករា។
មុននេះក្នុងខែនេះ ឧទ្ធម្ភាគចក្រប្រយុទ្ធទើបទទួលមកថ្មីពីអាម៉េរិកBlack Hawkក៏បានធ្លាក់ក្នុងពេលហោះហ្វឹកហាត់ ដោយសម្លាប់មនុស្ស៦នាក់។
សូមជម្រាបថា យោធាហ្វីលីពីនខិតខំធ្វើអោយកងកម្លាំងរបស់ខ្លួនទំនើបឡើងដើម្បីប្រឈមដោះស្រាយនឹងការគំរាមមកពីពួកភេរវករនៅក្នុងស្រុក និងការប្រជែងដណ្តើមដែនសមុទ្រជាមួយចិន៕
































