(យូអិន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឱ្យមានការឆ្លើយតប ជាលក្ខណៈ អន្តរជាតិជាបន្ទាន់ ចំពោះវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានឡើងជា បន្តបន្ទាប់ ក្រោយការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពី អំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។
នៅក្នុងឯកសារស្តីពី «ស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិភាគតិចម៉ូស្លីម រ៉ូហ៊ីងយ៉ា (Rohingya) និងជនជាតិភាគតិចដទៃទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា» ដែលត្រូវបានចេញផ្សាយនៅដើម សប្តាហ៍នេះ លោក Antonio Guterres ក៏បាននិយាយផងដែរថា លោកខ្លាចថាការបន្តក្តាប់ អំណាចរបស់យោធា នឹងកាន់តែពិបាកឲ្យអន្តរជាតិទប់ទល់។
លោក Antonio Guterres ធ្លាប់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាភាពចាំបាច់បំផុតមួយ ក្នុងការរួបរួមគ្នា បង្កើនការឆ្លើយតបជាលក្ខណៈអន្តរជាតិ ដើម្បីជួយធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា ដើរលើផ្លូវឆ្ពោះទៅរកកំណែទម្រង់ប្រជាធិបតេយ្យវិញ»។
លោក Antonio Guterres បានធ្វើការកត់សម្គាល់ នៅក្នុងរបាយការណ៍ខាងលើនេះ ដែលបាន ចេញតាំងតែពីចុងខែសីហានោះទៀតថា «កិច្ចប្រឹងប្រែងអន្តរជាតិ ត្រូវតែទាមទារឲ្យមានការដោះ លែង ប្រធានាធិបតីមីយ៉ាន់ម៉ា លោក វីន ម្យីនត៍ (Win Myint), ទីប្រឹក្សារដ្ឋ លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) និងមន្រ្តីរដ្ឋាភិបាលដទៃទៀតភ្លាមៗ។ វាក៏ត្រូវតែមានការផ្ដល់ជំនួយមនុស្សធម៌ភ្លាមៗ ជាពិសេសដល់សហគមន៍ដែលងាយរងគ្រោះ ខ្លាំងបំផុត ក្នុងនោះមានជនជាតិម៉ូស្លីម រ៉ូហីងយ៉ា ដែលពួកគេភាគច្រើនកំពុងនិរទេសខ្លួនទៅកាន់ ប្រទេសបង់ក្លាដែស និងកន្លែងផ្សេងទៀត»។
លោក Antonio Guterres បាននិយាយបន្ថែមថា «ឱកាសដើម្បីការពារយោធាមិនឱ្យចូលទៅក្នុង ការគ្រប់គ្រង អាចមានភាពតូចចង្អៀត ហើយវាមានសារៈសំខាន់ក្នុងការគាំទ្រសេចក្តីប្រាថ្នាបែប ប្រជាធិបតេយ្យរបស់ប្រជាជនមីយ៉ាន់ម៉ា»៕

































