លោក ស៊ី ជិនពីង ប្រាប់ឱ្យក្រុមមន្ត្រីចិន ពង្រឹងវិធានការបង្ការគ្រោះទឹកជំនន់ ចំពោះមុខភ្លៀងធ្លាក់ខ្លាំង


 (ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែ កក្កដា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើឱ្យក្រុមមន្ត្រី គ្រប់លំដាប់ថ្នាក់ទាំងអស់ យកចិត្តទុកដាក់ជាអាទិភាពក្នុងការការពារសុវត្ថិភាពរបស់ប្រជាជន និង ទ្រព្យសម្បត្តិ ខណៈភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅក្នុង ប្រទេស។

កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើខេត្តភាគខាងត្បូង ភាគ កណ្ដាល និងខេត្តភាគខាងជើង ព្រមទាំងតំបន់មួយចំនួនទៀត ដោយបង្ខំអាជ្ញាធរចិន ជម្លៀស ប្រជាជនរាប់ពាន់នាក់ ព្រមទាំងបំផ្លាញស្ពាន រថយន្ដជាច្រើនគ្រឿង និងផ្ទះជាច្រើនខ្នងផងដែរ។ ការអត្ថាធិប្បាយខាងលើរបស់លោក ស៊ី ជិនពីង ត្រូវបានដកស្រង់ចេញ ផ្សាយដោយប្រព័ន្ធផ្ស ព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធនេះ និងបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើតំបន់ជាច្រើន ក្នុងនោះ រួមមានទាំងទីក្រុង ឆុងជីង (Chongqing) ដោយបង្កឱ្យ មានមនុស្សស្លាប់ និងរងរបួស រួមទាំងការ ខាតបង់ទ្រព្យសម្បត្តិ។

លោក ស៊ី ជិនពីង បានជំរុញឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ ការប្រឹក្សា យោបល់ និងការស្រាវជ្រាវ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវការវិធានការប្រកាស អាសន្ន និងការព្យាករ អាកាសធាតុជាដើម៕